អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងឱ្យបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ បុរី ឡេង ណាវ៉ាត្រា បានចូលរួមបរិច្ចាគស័ង្កសី ៦ម៉ឺនសន្លឹក និងផ្ទះគំរូ២០ផ្ទះ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯក ក្នុង ខេត្តសៀមរាប សរុបទឹកប្រាក់ប្រមាណជាង៨០សិបម៉ឺនដុល្លារ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានមានប្រសាសន៍ថា” ស័ង្កសី៦ម៉ឺនសន្លឹកនិងផ្ទះគំរូ២០ផ្ទះ សរុបទឹកប្រាក់ប្រមាណជាង ៨០សិបម៉ឺនដុល្លារ សម្រាប់ពុកម៉ែបងប្អូន ដែលផ្លាស់ប្ដូរពីតំបន់អប្សរា មករុនតាឯក នេះគឺជាកាតព្វកិច្ចរបស់យើងជាជនជាតិខ្មែរទាំងអស់គ្នា។ “
អ្នកឧកញ៉ា បានបន្ថែមថា ដោយសារការប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ទើបអ្នកឧកញ៉ា មានឱកាសចូលរួមជួយសង្គម ហើយជាមោទនភាពរបស់ក្រុមការងារក្រុមហ៊ុន Galaxy Navatra Group. គ្រប់ជាន់ថ្នាក់។ អ្នកឧកញ៉ា ក៏បង្ហាញ ក្ដីរំភើបដែលបានចូលជួយសង្គមជាតិ និងសុំផ្ញើបុណ្យកុសលនេះទៅដល់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គ្រួសារ Galaxy ទាំងអស់នាឱកាសភ្ជុំបិណ្ឌនេះផងដែរ។
គួរបញ្ជាក់ថា ការចូលរួមជាមួយរាជរដ្ឋាភិបាលបរិច្ចាគស័ង្កសី៦ម៉ឺនសន្លឹកនិងផ្ទះគំរូ២០ផ្ទះ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងបន្ទាប់បានឃើញឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មានបំណងទាក់ទងក្រុមហ៊ុនម៉ៅការសាងសង់ផ្ទះគំរូ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯក ក្នុងខេត្តសៀមរាប ។
បើតាមឯកឧត្ដម ជា សុផារ៉ា បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់សំណង់ខុសច្បាប់ មានដូចជារោងផ្ទះបាយ រោងចលក់ដូរ តូប កញ្ចុះ សាលាឆទាន រោងចិញ្ចឹមមាន់ និងសំណង់ផ្សេងៗទៀត ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលក្រសួងតម្រូវឱ្យរុះរើរចេញ និងស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅឋានទៅរស់នៅភូមិជាតិរុនតាឯក មានចំនួនប្រមាណ ២០០០គ្រួសារ។ ការណ៍នេះ តម្រូវក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំយន្តការសាងសង់លំនៅឋានជូនពួកគាត់ ជាបន្តបន្ទាប់៕