ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ដាក់ដំណើរការខ្សែរថភ្លើងដោយមិនបង់ប្រាក់ រយៈពេល៤ថ្ងៃ សម្រាប់ប្រជាពលរដ្ឋអាចជិះរថភ្លើងទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
បើតាមសេចក្តីជូនដំណឹងក្រសួងសាធារណការ កាលពីថ្ងៃទី១៦ កញ្ញាម្សិលមិញ បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការរថភ្លើងឥតគិតថ្លៃ រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ចំនួន២គោលដៅ ដែលគោលដៅទី១ពីភ្នំពេញ-កំពង់ឆ្នាំង-ពោធិ៍សាត់-បាត់ដំបង។ ឯគោលដៅទី២ ភ្នំពេញ-តាកែវ-កំពត់-ព្រះសីហនុ។
សម្រាប់សំបុត្រកត់ការធ្វើដំណើរទាំង២ខ្សែនេះនឹងចែកជូននៅស្ថានីយ៍រថភ្លើងភ្នំពេញ និងស្ថានីយ៍នៅតាមបណ្តាខេត្តរយៈពេល ២ថ្ងៃមុនធ្វើដំណើរ។
សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញក៏នឹងរៀបចំរថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់។ ក្នុងនោះ សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្ត ក្រុង ៥៥គ្រឿង និងសម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរទៅតាមបណ្ដាខេត្ត និងត្រលប់មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន១២០គ្រឿង៕