ផ្សារទំនើប ខេ ម៉ល (K Mall) ជាផ្សារទំនើបដំបូងគេបង្អស់នៅលើមហាវិថី វេង ស្រេង ដែលបានបើកដំណើរការសាកល្បង ដើម្បីស្វាគមន៍សាធារណជន កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ផ្សារទំនើបនេះ អភិវឌ្ឍន៍ដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកជាប់លំដាប់ថ្នាក់មួយ។

ម្ចាស់ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺលោក កាំង ហុក ជាកូនប្រុសបង្កើតរបស់ឧកញ៉ា កាំង ម៉េងហ៊ុយ និងលោកជំទាវ ឃុន ហៀង ដែលជាស្ថាបនិកក្រុមហ៊ុនសម្ព័ន្ធ ISI Group។ លោក កាំង ហុក បច្ចុប្បន្នមានវ័យជិត ៤០ឆ្នាំ បានកើតនៅទីក្រុងភ្នំពេញ។ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យនៅរាជធានីភ្នំពេញ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួនពីរ លើជំនាញស្ថាបត្យកម្ម និងជំនាញសហគ្រិនភាព ពីសាកលវិទ្យាល័យ Washington សហរដ្ឋអាមេរិក នៅឆ្នាំ២០០៩។

ក្រោយត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសារមានជំនាញស្ថាបត្យកម្ម និងគោលដៅចង់ធ្វើអាជីវកម្មផងនោះ លោក កាំង ហុក បានផ្តួចផ្តើមស្ថាបនាហាងកាហ្វេ Brown ដ៏ល្បីជាច្រើនទីតាំងនៅកម្ពុជា និងបានបង្កើតក្រុមហ៊ុន Urbanland ក្នុងឆ្នាំ ២០១៣។ ក្រុមហ៊ុន Urbanland ក៏ជាក្រុមហ៊ុនមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ហើយទទួលបានកេរ្តិ៍ឈ្មោះក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ពេញលេញ ដោយមានទំនោរពិសេសមួយសម្រាប់គំនិតកែច្នៃជីវភាពប្រកបដោយសោភ័ណភាពទាក់ភ្នែក ដូចដែលឃើញតាមរយៈគម្រោងអភិវឌ្ឍន៍ ដែលជាប់ជ័យលាភីរួមមាន Raintree (ពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort។

Urbanland នឹងបន្តនូវគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេងស្រេងគឺ KMH Park ដែលជាផែនការធំថ្មី បូកបញ្ចូលចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការប្រែក្លាយដីឧស្សាហកម្ម ដែលមានស្រាប់ទៅជាតំបន់រស់នៅ និងធ្វើពាណិជ្ជកម្ម ដែលក្នុងនោះរួមមានការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ។

សម្រាប់ផ្សារទំនើប K Mall គឺមានទីតាំងនៅតាមបណ្ដោយមហាវិថី វេង ស្រេង មានចម្ងាយប្រមាណ៥នាទីប៉ុណ្ណោះ ពីផ្លូវបំបែកស្ទឹងមានជ័យ និង រង្វង់មូលចោមចៅ។ អតិថិជនក៏អាចធ្វើដំណើរពីផ្លូវជាតិលេខ៣ និងមហាវិថី ហ៊ុនសែន (ផ្លូវ ៦០ម៉ែត្រ) បានផងដែរ។ K Mall មានកន្លែងសម្រាប់ជួល ១២,០០០ ម៉ែត្រការ៉េ ដែលលាតសន្ធឹងលើកម្ពស់បីជាន់ ហើយ K Mall នេះ នឹងបង្កើនភាពរស់រវើកយ៉ាងសម្បូរបែប ដោយរួមបញ្ចូលនូវអាហារ និងភេសជ្ជៈចម្រុះជាច្រើនមុខ ភាពងាយស្រួលក្នុងការដើរទិញឥវ៉ាន់ប្រចាំថ្ងៃ ការកម្សាន្ត ការបង្ហាញសម្លៀកបំពាក់ និង ស្បែកជើងជាច្រើនម៉ូដ ដែលធ្វើឱ្យ K Mall ក្លាយជាទិសដៅមួយ សម្រាប់បំពេញរាល់តម្រូវការប្រចាំថ្ងៃរបស់អតិថិជន ដែលរស់នៅក្នុងតំបន់វេងស្រេងផងដែរ៕
