រយៈពេល៨ខែក្នុងឆ្នាំ២០២២នេះ ពោលគឺគិតពីខែមករា ដល់ខែសីហា ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានចំនួនជាង១លាននាក់ កើនឡើងជិត៦០០ភាគរយ រីឯចំនួនជើងហោះហើរមានជាង១ម៉ឺនជើង កើនឡើងជាង១២៣ភាគរយ បើធៀបនឹងដូចគ្នាកាលពីឆ្នាំមុន ។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា ចំនួនអ្នកដំណើរ និងជើងហោះហើរ មានការកើនឡើងនេះ គឺជាសញ្ញាបង្ហាញថា កម្ពុជាកំពុងត្រឡប់ទៅរកគន្លងកំណើនឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺកូវីដ១៩ជាបណ្ដើរៗ។

ដ្បិតតែចំនួនអ្នកដំណើរ និងជើងហោះហើរ មានការកើនឡើង ក៏ពិតមែន ប៉ុន្តែរយៈពេល៨ខែក្នុងឆ្នាំនេះ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បែរជាធ្លាក់ចុះប្រមាណជាង១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ បើតាមការពន្យល់របស់លោក ស៊ិន ចាន់សិរីវុត្ថា ថាការធ្លាក់ចុះនេះ គឺបណ្តាលមកពីវិបត្តិសង្រ្គាមនៅអ៊ុយក្រែន វិបត្តិកូវីដ១៩ និងវិបត្តិសង្រ្គាមពាណិជ្ជកម្មចិននិងអាមេរិក ។
គួរជម្រាបជូនថា គិតត្រឹមខែសីហា ក្នុង២០២២ កម្ពុជា បានតភ្ជាប់ក្រុមហ៊ុនអាកាសចរឡើងវិញ ចំនួន ២៥ក្រុមហ៊ុន នៅក្នុងនោះតាមការពិនិត្យឃើញថា មានការកើនឡើងអ្នកដំណើរជាលំដាប់ពីមួយខែទៅមួយខែ។ កម្ពុជា រំពឹងថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនឹងមានការកើនឡើង នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ បើគ្មានបញ្ហាសកលអ្វីកើតឡើងបន្តទៀត៕
