សេចក្ដីព្រាងព្រះរាជក្រឹត្យ និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ស្ដីពីឧកញ៉ា អាចបញ្ចប់នៅឆ្នាំ២០២២នេះ ហើយឧកញ៉ាមួយចំនួនបង្ហាញការគាំទ្រដោយចាត់ទុកថា នឹងជួយលើកតម្លៃឧកញ៉ាឡើងវិញ ស្របពេលឧកញ៉ាខ្លះបានយកគោរមងារទៅប្រព្រឹត្តអំពើខុសឆ្គង។
រាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងធ្វើការសិក្សាផ្តួចផ្តើម និងរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា ការដកហូតគោរមងារឧកញ៉ា និងសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា។
បើតាមមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ឧកញ៉ាញូស៍ថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា មានចំនួន ១០ជំពូក និង ២៦មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅប្រទេសកម្ពុជា បាននឹងកំពុងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៅឡើយ។
ថ្លែងនៅក្នុងនាឱកាសជាអធិបតីក្នុងពិធីពិសាអាហារ សាមគ្គីជាមួយថ្នាក់ដឹកនាំ សមាគមមូលនិធិ «សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» កាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឱ្យដឹងថា រៀបចំសេចក្តីព្រាងនេះ អាចនឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២២ នេះ។ សម្តេចក្រឡាហោមបន្តថា ក្នុងដំណើរការសិក្សារៀបចំសេចក្ដីព្រាងនេះ ក៏នឹងមានការជជែកពិភាក្សារវាងតំណាង រាជរដ្ឋាភិបាលជាមួយសមាគមឧកញ៉ាផងដែរ។
សម្តេចក្រឡាហោមថ្លែងថា៖ «នៅក្នុងការរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យថ្មីអាចនឹងមានចែងកំណត់អំពីការផ្ដល់គោរមងារ ការកំណត់អំពីកាតព្វកិច្ចរបស់ឧកញ៉ា និង លក្ខខណ្ឌនៃការសម្រេចដកគោរមងារក្នុងន័យ ដើម្បីលើកតម្កើងតម្លៃនៃគោរមងារជាឧកញ៉ា ហើយបន្ទាប់ពីរៀបចំព្រះរាជក្រឹត្យនេះហើយនោះ សមាគមឧកញ៉ាក៏ត្រៀមលក្ខណៈរៀបចំខ្លួនឱ្យបានសមស្របទៅនឹងខ្លឹមសារព្រះរាជក្រឹត្យថ្មីផងដែរ»។
ជុំវិញការរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យ និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ស្ដីពីឧកញ៉ានេះដែរ អ្នកឧកញ៉ាជើងចាស់មួយរូប ថ្លែងមិនបង្ហាញឈ្មោះបានសម្តែងការគាំទ្រហើយសង្ឃឹមថា នៅពេលសេចក្តីព្រាងព្រះរាជក្រឹត្យចូលជាធរមាននឹងជួយលើកតម្លៃកិត្តិយសអ្នកទទួលបានគោរមងារឧកញ៉ាយ៉ាងពិតប្រាកដ។
អ្នកជំនួញវ័យក្មេងម្នាក់ បានបង្ហាញទស្សនៈថា វាជារឿងល្អបំផុត ដែលរាជរដ្ឋាភិបាលរៀបចំច្បាប់គ្រប់គ្រងឧកញ៉ា អ្នកឧកញ៉ា ដែលប្រព្រឹត្តអំពើខុសឆ្គងប្រាសចាកសីលធម៌សង្គម។ លោកបន្តថា គោរមងារឧកញ៉ាខ្ពង់ខ្ពស់ណាស់ ដែលព្រះមហាក្សត្រប្រទានឲ្យដល់ជនអ្នកបានចូលរួមបរិច្ចាគទ្រព្យធនធានជួយកសាងជាតិ មាតុភូមិ។
ឧកញ៉ាដែលទើបទទួលគោមរងារថ្មីៗកន្លងទៅ បានយោបល់ថា គោរមងារឧកញ៉ានេះ បានធ្វើឲ្យយើងប្រឹងប្រែងធ្វើអំពើល្អក្នុងសង្គមឲ្យបានច្រើនថែមទៀត ខុសពីមិនទាន់ទទួលងារ ព្រោះងារនេះ ជាកិត្តិយសហើយផ្តល់តម្លៃឲ្យយើងបន្តចូលរួមជួយសង្គមបន្តជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ជូនថា នៅប្រទេសកម្ពុជាគិតមកដល់ពេលបច្ចុប្បន្នគោរមងារឧកញ៉ាត្រូវបានបែងចែកជា ៣ កម្រិត ឧកញ៉ា អ្នកឧញ៉ា និងលោកឧកញ៉ា ខណៈដែលគោរមងារឧកញ៉ាមានស័ក្តិតូចជាង អ្នកឧកញ៉ានិងលោកឧកញ៉ា ហើយគោរមងារអ្នកឧញ៉ាមានស័ក្តិតូចជាងលោកឧកញ៉ា។
គិតមកដល់ឆ្នាំ ២០២២នេះ មិនទាន់មានឯកសារបង្ហាញឲ្យដឹងនូវចំនួនសរុប ពាណិជ្ជករ និងសប្បុរសជនខ្មែរព្រមទាំងបរទេសរស់នៅប្រទេសកម្ពុជា ដែលទទួលបានគោរមងារជាឧកញ៉ា នៅឡើយទេ។ យ៉ាងណា អនុក្រឹត្យថ្មីមួយចេញផ្សាយកាលពីឆ្នាំ ២០១៧ បុគ្គលដែលទទួលបានគោរមងារឧកញ៉ា ទាល់តែមានការចូលរួមក្នុងការអភិវឌ្ឍសង្គម ដោយផ្តល់ជាប្រាក់ ឬសម្ភារៈ ដែលមានតម្លៃលើពី ៥០ ម៉ឺនដុល្លារ។
កាលពីមុន សប្បុរសជនដែលបរិច្ចាគធនធានជូនរដ្ឋលើសពី ១០ ម៉ឺនដុល្លារឡើងទៅ ទើបទទួលបានគោរមងារដែលប្រទានដោយព្រះមហាក្សត្រ តាមការស្នើសុំពីនាយករដ្ឋមន្ត្រី។ សម្រាប់អ្នកទទួលងារជា អ្នកឧកញ៉ា វិញ គឺមិនទាន់មានឯកសារបញ្ជាក់ចំនួនថវិកា ឬលក្ខខ័ណ្ឌជាក់លាក់ណាមួយនៅឡើយទេ៕