កម្ពុជា អាឡឺ​ម៉ង់ បន្ត​ជ​ជែក​ពី​​គ​ម្រោ​ង​ផ្សព្វផ្សាយ​សន្ធិស​ញ្ញា​ពា​ណិជ្ជកម្មអាវុធលើកទី៣

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសហការជាមួយការិយាល័យសេដ្ឋ ត្រួតពិនិត្យការ​នាំចេញ នៃប្រទេសទេសអាឡឺម៉ង់ រៀបចំសិក្ខាសាលាស្តីពី«គម្រោង​ផ្សព្វផ្សាយ​សន្ធិសញ្ញាពាណិជ្ជកម្មអាវុធ(ATT)លើកទី៣» នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លងមកការិយាល័យសេដ្ឋកិច្ច និងត្រួតពិនិត្យការនាំចេញ(BAFA) នៃប្រទេសអាឡឺម៉ង់ បានសហការជាមួយក្រុមការងារក្រសួងមហាផ្ទៃ ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លង​ដែន ក្នុងក្របខណ្ឌអាស៊ាន បានរៀបចំសិក្ខាសាលាបែបនេះ ចំនួន២លើកមកហើយ ដែលសិក្ខាសាលានេះ មានគោលបំណងសិក្សាពីការធ្វើសមាហរណកម្មប្រកប​ដោយប្រសិទ្ធិភាព នៃបទប្បញ្ញាតិ ស្តីពីពាណិជ្ជកម្មអាវុធនៅក្នុងច្បាប់ជាតិ និងការអនុ​វត្តជាសកល ហើយបញ្ហានៃការជូញដូរអាវុធខុសច្បាប់សព្វថ្ងៃនេះ គឺជាបញ្ហាប្រឈម​កំពុងជួបប្រទះ ទាំងក្នុងតំបន់ និងជាសកល។

ឯកឧត្តមឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន​ក្រុមការងារក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន មានប្រសាសន៍ថា គ្រប់អាវុធដែលត្រូវបានផលិតទាំងអស់ សុទ្ធតែធ្វើឲ្យអន្តរាយដល់រាង្គកាយ និងអាយុ​ជីវិត ហើយមានជនប្រដាប់អាវុធជាច្រើន នៅលើពិភពលោក បានប្រើប្រាស់​បង្កជា​ជម្លោះ និងបានធ្វើឲ្យមនុស្សរាប់លាននាក់រងរបួស ខ្លះពិការ ខ្លះស្លាប់ បង្កឲ្យមាន​ស្រ្តីមេម៉ាយ ក្មេងកំព្រា ជនភៀសខ្លួន ភាពអត់ឃ្លាន និងគ្មានផ្ទះសម្បែងជាដើម។

ឯកឧត្តម មៀច សុផាន់ណា បានរំលឹកពីប្រវត្តិសាស្រ្តកម្ពុជាថា កម្ពុជា ធ្លាប់ឆ្លងកាត់ និងទទួលបទពិសោធដ៏ជូរចត់ជាច្រើនទសវត្សមកហើយដូចជា សង្គ្រាមទ័ពព្រៃ សង្គ្រាមស៊ីវិល ការលុកលុយ និងភាពក្រីក្រ ដែលបានសម្លាប់ប្រជាជនកម្ពុជា អស់ជា​ច្រើនលាននាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងនៅក្នុងប្រទេស។ ឯកឧត្តម គូសបញ្ជាក់ថា នៅពេលនោះ កម្ពុជាមិនមែនជាប្រទេសផលិតអាវុធទេ ហើយក៏មិ​ន​មែនជាអ្នកជួញដូរអាវុធដែរ តែជាប្រទេសដែលរងគ្រោះដោយសារអាវុធ។ ទោះយ៉ាងណា ឯកឧត្តម មៀច សុផាន់ណា លើកឡើងថា សន្តិភាពដែលបានវិល​ត្រឡប់​មកព្រះរាជាណាចក្រកម្ពុជាវិញទាំងស្រុង ក្រោមគោលនយោបាយឈ្នះឈ្នះ ដោយផ្អែកលើស្មារតីសាមគ្គីភាព និងឯកភាពជាតិរបស់រដ្ឋាភិបាលសព្វថ្ងៃ ដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី។

ឯកឧត្តមបន្តថា ជាការពិតណាស់ សន្ធិសញ្ញាពាណិជ្ជកម្មអាវុធនេះ បង្ហាញពីឱ​កាស​សម្រាប់សមាជិកសហគមន៍អាស៊ាន ដើម្បីឆ្លុះបញ្ចាំងពីការតាំងចិត្តរួមគ្នា ការផ្សា​ភ្ជាប់គ្នាទៅវិញទៅមករវាងការអភិវឌ្ឍ សន្តិសុខជាតិ និងដើម្បីបង្កើតកាតព្វកិច្ច ដែលប្រឆាំងការផ្ទេរអាវុធ ដែលអាចបំផ្លាញដល់សន្តិសុខស៊ីវិល និងសន្តិសុខ​មនុស្សធម៌នៅក្នុងតំបន់។

ជាមួយគ្នានេះ​ លោក Sascha Reebs លេខាទី១ នៃស្ថានទូតអាឡឺម៉ង់ប្រចាំកម្ពុជា សម្តែងក្តីសោមនស្ស ដែលមើលឃើញកម្ពុជា បានរៀបចំឯកសារ​ផែនទីតម្រង់ទិស​សម្រាប់គ្រប់គ្រងអាវុធស្របច្បាប់ ហើយលោកសង្ឃឹមថា នឹងបន្តធ្វើការរួមគ្នា ដើម្បីទទួលបានភាពជោគជ័យ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសហត្ថលេខីលើសន្ធិសញ្ញា​ពាណិ​ជ្ជកម្ម(ATT)រួចមកហើយតាំងពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៣ ដោយអគ្គរា​ជទូត​ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ប៉ុន្តែនៅមិនទាន់​បានបំពេញ​បែបបទសព្វគ្រប់សម្រាប់ផ្តល់សច្ចាប័ននៅឡើយ។ ដូច្នេះហើយ ទើបប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានអ​នុញ្ញាតឲ្យមានការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបន្តកិច្ចការងារពាក់ព័ន្ធខាងលើ៕