តើចិន​បានជួយ​លើហេដ្ឋារ​ចនាស​ម្ព័ន្ធផ្លូវ​ថ្នល់​ប្រើប្រា​ស់​​ហិរញ្ញប្ប​ទាន​ឥត​​សំ​ណង​​ដល់​​កម្ពុជា មាន​អ្វី​ខ្លះ?

សង្គម​និង​សេដ្ឋកិច្ច
56 Shares

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្ដេចហ៊ុន សែន បាន​លើកឡើងថា ឆ្នាំនេះគឺជាខួបទី១០ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្ទាប់ពីសម្តេច​តេជោបានចុះហត្ថលេខាជាមួយមិត្តចិនកាលពីឆ្នាំ២០១០។ ទន្ទឹមគ្នានេះ សម្តេច បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់​ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ ខ្សែ មានប្រវែងសរុប ២,៧៧៩ គីឡូម៉ែត្រ។

ការ​ថ្លែង​នេះ គឺធ្វើ​ឡើង​នៅ​អំឡុង​ពេល សម្ដេច អញ្ជើញជាអធិបតីសម្ពោធដាក់​ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ២០២០។

នាឪកាសនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា​បានបញ្ជាក់ឲ្យដឹងថា «មកដល់​បច្ចុប្បន្ន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយ​ឥត​សំណង របស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ ខ្សែ មានប្រវែងសរុប ២,៧៧៩ គីឡូម៉ែត្រ ,គម្រោងកំពុងសាងសង់មានចំនួន0៥ ខ្សែ មានប្រវែង ប្រមាណ ៤៩៧,២០ គីឡូម៉ែត្រ។ ចំណែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ០៨ ស្ពាន មានប្រវែងសរុប ៧,៤៣៤ ម៉ែត្រ និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាព​កម្ពុជា​-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និង​ស្ពាន​ឆ្លងកាត់ទន្លេ​បាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម»។

ក្នុងឪកាសសម្ភោធ​​ផ្លូវជាតិលេខ៥៨ នេះផងដែរ សម្តេចអះអាងថា ផ្លូវនេះដែរ សាងសង់ឡើង​ក្រោមជំនួយរបស់មិត្តចិន នឹងដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធ​សាស្រ្ត​មួយ សម្រាប់​បម្រើឱ្យ​ការ​​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផង ការពារអធិបតេយ្យភាពជាតិផង និងជួយទ្រទ្រង់យ៉ាង​រឹង​មាំ​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេសកម្ពុជា និងប្រទេសថៃ ពីព្រោះផ្លូវនេះ​បាន​តភ្ជាប់ពីខេត្ត​បន្ទាយ​​មានជ័យ ទៅ​នឹង​ខេត្ត​ឧត្តរ​មាន​ជ័យ ​ស្របតាម​ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់ទីក្រុង​ប៉ោយ​ប៉ែត ដែលជាទីក្រុងដ៏​មាន​សក្តានុពល​ និងជាច្រករបៀងសេដ្ឋកិច្ចភាគ​ខាងត្បូងដ៏សំខាន់។ ផ្លូវជាតិនេះ អាច​សម្រួលដល់ការ​ផ្លាស់ប្តូរ​ផលិតផល សកម្មភាព​ពាណិជ្ជ​កម្ម និងសុខាភិបាល រវា​ង​ប្រជា​ពលរដ្ឋថៃ និង​កម្ពុជា ហើយក៏អាច​សម្រួល​​ដល់​វិស័យ​​ទេសចរណ៍ពីប្រទេសថៃមក​ទស្សនា​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្តសៀមរាប ផងដែរ។

បន្ថែមពីនេះ សម្តេច បានប្រកាសឲ្យដឹងថា នៅថ្ងៃនេះថា នៅថ្ងៃទី០៩ កុម្ភៈខាងមុខនេះ សម្តេច នឹងអញ្ជើញទៅសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីតំបន់សំឡូតទៅខេត្តកោះកុង ដែលជាជំនួយមិត្តចិនជាបន្តទៀត៕ អត្ថបទ៖ សិរីកា

តើចិន​បានជួយ​លើហេដ្ឋារ​ចនាស​ម្ព័ន្ធផ្លូវ​ថ្នល់​ប្រើប្រា​ស់​​ហិរញ្ញប្ប​ទាន​ឥត​​សំ​ណង​​ដល់​​កម្ពុជា មាន​អ្វី​ខ្លះ?
56 Shares