អាមេរិកឈរនៅលើគេក្នុងនាមជាប្រទេសទិញទំនិញពីកម្ពុជាច្រើន ដោយមានចំណែកប្រមាណ ៤០,៨ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា និងឈរនៅលេខ ១២ ជាប្រទេសនាំទំនិញចូលមកកម្ពុជា ដែលមានចំណែកទីផ្សារត្រឹម ១,១ ភាគរយប៉ុណ្ណោះ។
ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកមានចំនួនសរុប ៦.២ប៊ីលានដុល្លារអាមេរិក កើនឡើង ៦១.៥៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ទំនិញភាគច្រើនដែលកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក គឺជាទំនិញវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប រួមនិងទំនិញកសិកម្មមួយចំនួនដែរ។
ទិន្នន័យពី GMAC បានបង្ហាញថា ក្នុងឆ្នាំ ២០២១ ការនាំចេញផលិតផលកាត់ដេរមានចំនួន ១១,៣៨៩ ពាន់លានដុល្លារ កើនឡើង ១៥,២ ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួនជាង ៨ពាន់លានដុល្លារ ស្បែកជើងជាង ១ ពាន់លាន ដុល្លារផលិតផលធ្វើដំណើរ ជាង ១,៥ ពាន់លានដុលា្លរ និងផលិតផលវាយនភណ្ឌផ្សេងៗទៀត។
នៅក្នុងជំនួបទ្វេភាគីរវាងមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជានិងលោកស្រី Wallis Yu តំណាងគណៈប្រតិភូពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កាលពីខែសីហាកន្លងទៅ លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឱ្យដឹងថា កម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផលដល់វិនិយោគិនអន្តរជាតិពីប្រទេសនានាលើពិភពលោកមកបណ្តាក់ទុនវិនិយោគ។
ក្នុងឱកាសនោះដែរ លោកស្រី Wallis Yu បានស្នើសុំកម្ពុជាបន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា។ ក្នុងនោះមានវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta របស់Facebook ជាដើម។
លោកស្រីបានបន្តថា ថ្មីៗនេះសហរដ្ឋអាម៉េរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា ដើម្បីសម្រេចថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ដល់ប្រទេសទាំងនោះវិញ ក្នុងនោះមានកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Fedex គ្រោងធ្វើការហោះហើរត្រង់មកប្រទេសកម្ពុជា ចាប់ពីខែតុលា ឆ្នាំ២០២២នេះផងដែរ៕