ផ្សារទំនើប មីតថោន (Midtown) នៅផ្លូវ២០០៤ បានបើកដំណើរការ តាំងពីដើមឆ្នាំ២០១៩។ រយៈពេលជាង៣ឆ្នាំមកនេះ ផ្សារទំនើបមួយនេះ បានបម្រើសេវាជូនអតិថិជនយ៉ាងច្រើនកុះករ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។ តើម្ចាស់ផ្សារទំនើប មីតថោន ជានរណា?

ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើប មីតថោន គឺក្រុមហ៊ុន Kao Cheng International Enterprise Co. Ltd ដែលជាក្រុមហ៊ុនមានមូលដ្ឋាននិងបទពិសោធន៍ពីប្រទេសតៃវ៉ាន់។ បើតាម OpenCorporates ក្រុមហ៊ុននេះ បានចុះបញ្ជី កាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ ដោយម្ចាស់ក្រុមហ៊ុនជាជនជាតិតៃវ៉ាន់ មានឈ្មោះថា Lin YIN CHUN។

ចំណែកឯការរចនាផ្នែកស្ថាបត្យកម្មផ្សារទំនើប មីតថោន គឺធ្វើឡើងដោយក្រុមហ៊ុន HKA & Partners Co., Ltd របស់លោក កាំង ហុក កូនប្រុសឧកញ៉ា កាំង ម៉េងហ៊ុយ។ ទោះបីម្ចាស់ក្រុមហ៊ុនជាជនជាតិតៃវ៉ាន់ ប៉ុន្តែផ្សារទំនើបមួយនេះ បច្ចុប្បន្នគឺមានជនជាតិខ្មែរជាអ្នកគ្រប់គ្រងផ្ទាល់ ដោយមានលោកស្រី ពៅ ធីតា ជាអ្នកចាត់ការទូទៅ និងលោកស្រី ជា គន្ធា ជានាយកផ្នែកលក់។

សូមបញ្ជាក់ថា ផ្សារទំនើប មីតថោន មានទីតាំងនៅផ្លូវ២០០៤ កែងផ្លូវ 13B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាម CBRE ផ្សារទំនើបមួយនេះ មានផ្ទៃដីប្រមាណ ៤២០៧ម៉ែត្រក្រឡា មានចំនួន៣ជាន់ ក្នុងនោះរួមមានទាំងហាងទំនិញ ផ្សារទំនើប អាហារ ភេសជ្ជៈ រោងកុន និងកន្លែងក្មេងលេងកម្សាន្តផងដែរ៕
