ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ នឹង​បើក​ឲ្យប្រើ​ប្រាស់​សាកល្បង​​ដោយឥតគិតថ្លៃ ពេញ​មួយ​ខែតុលា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគ បានសម្រេច​អនុញ្ញាតឱ្យ សាធារណជន​ដែលជាអ្នកបើក​បរយាន​​យន្តប្រើប្រាស់ផ្លូវល្បឿនលឿន ដោយឥតគិតថ្លៃ ក្នុងរយៈពេល១ខែពេញ គិតចាប់​ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ការអនុញ្ញាត​​ឱ្យប្រើប្រាស់នេះ គឺក្នុងន័យដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ផ្លូវ​​ល្បឿនលឿន​ដល់សាធារណជន ឱ្យបានទូលំ​​ទូលាយ ។

ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏កំណត់ដែរថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់​លើផ្លូវ​ល្បឿន​​លឿន រួមមាន៖ រថយន្តគ្រប់ប្រភេទ ដែលមានល្បឿនអតិបរិមាលើសពី ៧០គ.ម/ម៉ោង ( កំណត់ពីរោង​ចក្រ) និងទោចក្រយាន​យន្តដែល​​មានទំហំ ស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅ។

ជាមួយគ្នានេះ ក្រសួងសាធារណការនិងដឹកជញ្ជូន  ក៏ក្រើនរំលឹកដល់សាធារណជន ចូលរួមគោរព​​បទបញ្ជា និងសេចក្ដី​​ណែនាំ​​នានា​​ឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និង បង្ការ​​គ្រោះថ្នាក់ជាយថាហេតុចំពោះការប្រើ​​ប្រាស់​​ផ្លូវល្បឿនលឿននេះ។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិ​យោគ​​សាងសង់​ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) គឺជាផ្លូវល្បឿនលឿន​​ដំបូងបង្អស់​​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់​សម្រាប់ការប្រើប្រាស់​​ផ្លូវនេះ។