នៅក្នុងឱកាសជួបពិភាក្សាការងារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី២៨ ខែកញ្ញានេះ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ស្មើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបន្តការគាំទ្រអ្នកវិនិយោគជប៉ុន ក្រុមហ៊ុនជប៉ុនដែលកំពុងវិនិយោគនៅកម្ពុជា ខណៈដែលក្រុមហ៊ុនជប៉ុន នឹងបន្តបោះទុនវិនិយោគបន្ថែមទៀត។
ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលកន្លងទៅទទួលនាវាជប៉ុនក្នុងការចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោក គីស៊ីដា ហ្វូមីអូ ក៏បានលើកឡើងអំពីការងារដែលធ្វើបន្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុន នឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា និងស្នើស៉ំការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ឈានដល់តម្លៃទឹកប្រាក់សរុប ១,១៣ពាន់លានដុល្លារ នៅក្នុងរយៈពេល ៧ខែឆ្នាំ ២០២២ បានកើនឡើង ១៦,២ភាគរយ ពីចំនួនទឹកប្រាក់ ៩៧៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ក្នុងតម្លៃទុនវិនិយោគសរុបប្រមាណ ២,៩ពាន់លានដុល្លារ៕