ធនាគារពិភពលោក (World Bank) បានចេញការព្យាករណ៍ជាថ្មី ដោយបានដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ពីកំណើន៤.៥ភាគរយ កើនដល់៤.៨ភាគរយនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ មានកំណើន ៥.២ភាគរយ។ នេះបើតាមរបាយការណ៍របស់ World Bank ដែលបានផ្សព្វផ្សាយកាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ធនាគារពិភពលោកបានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ មានកំណើន ៤.៥ភាគរយ ប៉ុន្ដែនៅពេលនេះបានដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ រហូតដល់៤.៨%។
នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានចេញការព្យាករណ៍ នូវកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ មានកំណើន ៥.៣% ប៉ុន្តែបានបន្ទាបការព្យាករណ៍អត្រាកំណើននៅឆ្នាំ២០២៣ ពី ៦.៥% មកនៅត្រឹម៦.២% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។
សម្រាប់រាជរដ្ឋាភិបាលកម្ពុជាវិញ សម្រាប់ឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងអាចសម្រចបានក្នុងរង្វង់ ៥,៤% ដោយផ្អែកលើកំណើននៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញនៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរំពឹងថាការរីករាលដាលនៃជំងឺកូវីដ-១៩។
យោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ លើកលែងតែប្រទេសចិន ត្រូវបានព្យាករថានឹងឡើងដល់ ៥.៣% ក្នុងឆ្នាំ២០២២ ពី ២.៦% ក្នុងឆ្នាំ២០២១។
ប្រទេសចិន ដែលមុននេះធ្លាប់ឈានមុខគេក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញនៅក្នុងតំបន់ ត្រូវបានព្យាករណ៍ថានឹងទទួលបានកំណើនត្រឹម ២.៨%ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកពី ៨.១% ក្នុងឆ្នាំ២០២១។
របាយការណ៍បានឱ្យដឹងទៀតថា សម្រាប់តំបន់ទាំងមូលកំណើនត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣.២% ក្នុងឆ្នាំនេះ ពី ៧.២% ក្នុងឆ្នាំ២០២១ មុននឹងស្ទុះឡើងដល់ ៤.៦% វិញនៅឆ្នាំក្រោយ។
គួរបញ្ជាក់ដែរថា World Bank បានបញ្ជាក់ដែរថា បើតាមរបាយការណ៍កំណើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ភាគច្រើនសម្រេចបាន អាស្រ័យដោយការកម្រើកឡើងវិញនៃតម្រូវការក្នុងស្រុក ក្រោយពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងកូវីដ-១៩ និងដោយសារកំណើននៃការនាំចេញ៕