អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា បើមានកុំទាន់អាលអរ ក្រកុំទាន់អាលភ័យ ហើយបើឡើងកុំទាន់មានអារម្មណ៍អឿ បើតឿកុំទាន់មានអារម្មណ៍ទាប ព្រោះអ្វីៗប្រែប្រួលតាមកាលៈទេសៈ។
លោកឧកញ៉ា បានបន្ថែមតាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃពុធម្សិលមិញថា ម្យ៉ាងយើងអាចនិយាយមួយបែបទៀតបានថា ជីវិតមនុស្សប្រៀបដូចជាការធ្វើដំណើរលើជួរភ្នំដូច្នោះដែរ ថ្ងៃខ្លះក៏ឡើងដល់ចំណុចកំពូល ហើយថ្ងៃខ្លះទៀតក៏ធ្លាក់មកនៅត្រឹមចង្កេះភ្នំឬជើងភ្នំ។
ដូច្នេះ បើអ្នកមាននៅថ្ងៃនេះ សូមកុំអាលអរ កុំមានអំនួត កុំក្រអើតក្រទម ឆ្មើងឆ្មៃ រើសអើង បក្សពួកនិយម ជិះជាន់ កេងប្រវ័ញ្ច កុំមើលងាយអ្នកទន់ខ្សោយឬអ្នកមានឋានៈតូចទាបជាងខ្លួនឱ្យសោះ ពីព្រោះមិនប្រាកដថា យើងអាចរក្សាភាពមានបាន បានពេញមួយជីវិតឡើយ។ ត្រូវចាំថា បើយើងជាមនុស្សឆ្មើងឆ្មៃ ជាមនុស្សអួតក្អេងក្អាង ឬចូលចិត្តជិះជាន់អ្នកដទៃ នៅពេលធ្លាក់ខ្លួនក្រលំបាក គឺយើងមហាសែនវេទនាជាងអ្នកដទៃរាប់ពាន់ដងទៅទៀត។
ចំណែកអ្នកក្រលំបាកវិញ អ្នកឧកញ៉ាយល់ថា ក៏គួរកុំទាន់អាលអស់សង្ឃឹមផងដែរ ពោលត្រូវតែមានភាពក្លាហាន ចេះតស៊ូព្យាយាម មានមនសិការ ឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជម្នះភាពក្រលំបាកទាំងឡាយ។ ដ្បិតថា ថ្ងៃនេះយើងក្រមែនពិត ប៉ុន្តែថ្ងៃអនាគតមិនប្រាកដថានៅតែក្ររហូតនោះទេ ប្រសិនបើយើងនៅតែរក្សាការតស៊ូ ព្យាយាម ដោយមិនព្រមបោះបង់៕