សម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបង្កើតឡើងដំបូងគេគឺក្រុមហ៊ុនពាណិជ្ជកម្ម ជីប ម៉ុង (Chip Mong Trading) តាំងពីឆ្នាំ១៩៨២ ដែលបាននាំចូលផលិតផលប្រើប្រាស់ និងសម្ភារៈសំណង់មួយចំនួន ដែលមានគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា រួមទាំងដែកថែបអ៊ីតាលីម៉ាក V ផងដែរ។

ការនាំចូលដែក និងសម្ភារៈសំណង់ ដែលមានគុណភាពខ្ពស់ គឺក្នុងគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសំណង់ និងវិស័យឧស្សាហកម្មនៅកម្ពុជា ដែលទើបរួចផុតពីសម័យសង្គ្រាម។ ក្នុងន័យនេះ ក្រុមហ៊ុន ជីប ម៉ុង ដែលមានអ្នកឧកញ៉ា ភាព ហៀក ជាស្ថាបនិក បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន VNSTEEL នៅឆ្នាំ១៩៩៧ និងបានក្លាយជាក្រុមហ៊ុនចែកចាយផលិតផលដែកថែបម៉ាក V ផ្តាច់មុខនៅកម្ពុជា តាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ន។
គួរបញ្ជាក់ថា ក្រៅពីនាំចូលចែកចាយដែកថែបម៉ាក V ក្រុមហ៊ុន Chip Mong Trading ក៏បាននាំចូលនិងលក់ចែកចាយបន្តនូវផលិតផលផ្សេងៗមួយចំនួនទៀតដូចជា នំស្រួយហាណាមិ នំប្រអប់ Arsenal Biscuits, ប្រេងឆា Healthy Chief និងសាប៊ូម្សៅ Ora ជាដើម៕

