ក្រុមហ៊ុន Jes’t Group & 7NG របស់ឧកញ៉ា ស្រី ចាន់ថន បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយកសាងអភិវឌ្ឍអង្គភាពយោធា និងលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព ឱ្យកាន់តែមានភាពល្អប្រសើរឡើង។
លោកឧកញ៉ា បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីចូលរួមកម្មវិធីបូកសរុបលទ្ធផល ការងារសម្ព័ន្ធមេត្រីភាព ឆ្នាំ ២០២១ ឆមាសទី១ ឆ្នាំ២០២២ និងទៅដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ ថា ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតប្រកបដោយគតិបណ្ឌិតធ្វើការផ្គូរផ្គង អង្គភាពបញ្ជាការដ្ឋានទ័ពពិសេស រៀបចំចងសម្ព័ន្ធមេត្រីភាពជាមួយក្រុមហ៊ុន Jes’t Group & 7NG ដើម្បីបង្កើននូវភាពជិតស្និទ្ធ និង សំដៅធ្វើឱ្យការកសាងអភិវឌ្ឍអង្គភាព និងជីភាពរស់នៅរបស់កងទ័ពកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
១. ការបង្វែរទិសមួយផ្នែក នៃជំនួយចងសម្ព័ន្ធមេត្រីភាព បម្រើទស្សនៈវិស័យយូរអង្វែង ដូចជាការស្ថាបនាសំណង់អាគារ និងហេដ្ឋារចនាសម្ព័ន្ធនានា។ ចំណុចនេះ លោកសូមគាំទ្រទាំងស្រុង ដោយកន្លងមកក្នុងនាមដៃគូសម្ព័ន្ធមេត្រីភាព លោកបានចូលរួមក្នុងការកសាងអង្គភាព បញ្ជាការដ្ឋានទ័ពពិសេស មានដូចជា កសាងស្ពាន ដែលមានទំហំ ៦០ម x ៩ម , ប៉មឆ័ត្រយោង ២ កន្លែង, ឧបត្ថម្ភ ឡានពន្លត់អគ្គីភ័យ ២គ្រឿង សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងឧបភោគបរិភោគ មួយចំនួនបន្ថែម។
២. រួមគ្នាជាមួយដៃគូរចងសម្ព័ន្ធមេត្រីភាព ដែលមានស្រាប់ សហការផ្តួចផ្តើមគម្រោងអភិវឌ្ឍ ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍។
បន្ថែមពីនេះ ក្រុមហ៊ុន Jes’t Group & 7NG របស់លោក មានគម្រោងជំនាញកសិកម្ម និងទេសចរណ៍អាចផ្តល់ការងារដល់អង្គភាពកងទ័ព និងគ្រួសារទ័ព ដែលមានបំណងចង់ចូលរួមក្នុងវិស័យកសិកម្ម និងទេសចរណ៍ មិនចំពោះតែអង្គភាពបញ្ជាការដ្ឋានទ័ពពិសេសនោះទេ អង្គភាពផ្សេងៗ ក៏អាចចូលរួមបានដែរ។
លោកឧកញ៉ា ស្រី ចាន់ថន ក៏បានបេជ្ញាខិតខំបន្តនិរន្តភាព ការងារសម្ព័ន្ធមេត្រីភាពជាមួយដៃគូសម្ព័ន្ធមេត្រីភាព ដើម្បីឆ្លើយតបទៅនឹង អនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ» «សមរភូមិក្រោយជួយសមរភូមិមុខ»៕