សម្តេច ហ៊ុន សែន ប្រាប់​ពីមូល​​ហេ​តុ​ដែលអា​មេរិក​​​សម្រេច​ពន្យា​​ពេល​នៃកិច្ចប្រ​ជុំអា​ស៊ាន-អាមេរិក

Uncategorized
59 Shares

ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ទាក់ទងនឹងការប្រជុំអាស៊ាន-អាមេរិក ដែលថ្មីៗនេះ ប្រធានាធិបតែអា​មេរិកបានពន្យាពេលនៃកិច្ចប្រជុំពិសេសកំពូលអាស៊ាន-អាមេរិក ហើយក្នុងនោះ​ក៏មានការវិភាគ និងលើកឡើងនូវមតិខុសៗគ្នា តែហេតុផលយ៉ាងណានោះ មានតែអា​មេរិកខ្លួនឯងទេជាអ្នកដឹង។

ការលើកឡើងពីសំណាកសម្តេច តេជោ ហ៊ុន សែន នាពេលនេះ ត្រូវបានធ្វើឡើង​គ្រាដែលសម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន១,៥៨៩នាក់ កាលព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ ។

នាឪកាសនោះ សម្តេចតេជោ បានឲ្យដឹងបន្តទៀតថា មានមតិខ្លះលើកឡើងថា អាមេរិក​បានចាត់ទុករឿងជំងឺកូវិត១៩ គឺជារឿងសំខាន់ ក្នុងការពន្យានៃកិច្ចប្រជុំនេះ និងជា​ការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺនេះ។ ក៏ប៉ុន្តែក៏មានការលើកឡើងថា អាមេរិកពន្យា​ការប្រជុំដោយសារមេដឹកនាំអាស៊ានមួយចំនួនមិនទៅចូលរួមក្នុងកិច្ចប្រជុំនោះដូចជាប្រធាធិបតីនៃប្រទេសហ្វីលីពីន , នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ី ដែលប្រទេសទាំង៣នេះអាចតំណាងជាងពាក់កណ្តាលនៃប្រជាពលរដ្ឋអាស៊ានទៅហើយ។ នេះជាការបន្ថែមរបស់សម្តេច ហ៊ុន សែន។

យ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា កន្លងមកប្រធានាធិប​តីអាមេរិកក៏បានអវត្តមានក្នុងកិច្ចប្រជុំអាស៊ានចំនួន០៣ដងរួចមកហើយ ដោយបាន​អោយតំណាងរបស់ខ្លួនទៅជំនួស។ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាគិតថា ហេតុផលទី១ជាមូលហេតុចម្បងដែលអាមេរិកសម្រេចពន្យានៃកិច្ចប្រជុំដ៏សំខាន់នេះ គឺការប្រយុទ្ធប្រឆាំងជំងឺកូរ៉ូណា មិនមែនអាមេរិកមិនយក​ចិត្តទុកដាក់ជាមួយនឹងប្រទេស​អាស៊ាននោះទេ។

គួររម្លឹកដែរថា ពាក់ព័ន្ធនឹងកិច្ចប្រជុំអាស៊ាន-អាមេរិកនេះដែរ លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​បាន​អញ្ជើញ​ក្រុម​មេដឹកនាំ​តំបន់​អាស៊ី អាគ្នេយ៍​ចំនួន ​១០​ប្រទេស​ រួម​ទាំង​សម្តេច ​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា​ ដែល​ជា​សមាជិក​អាស៊ាន​មួយ​ក្នុង​ចំណោម​១០​ប្រទេស​ផង​ដែរ​ ដើម្បី​ចូលរួម​ក្នុង​កិច្ច ប្រជុំ​ពិសេស​នេះ​ គឺ​មួយ​ផ្នែក​ដោយសារ​លោក​ ត្រាំ ​មិន​បាន​ចូលរួម​ផ្ទាល់​ក្នុង​កិច្ច​ប្រជុំ កំពូល​នេះ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ​កាល​ពីដើម​ខែវិច្ឆិកា​ ឆ្នាំ​២០១៩​កន្លង​ទៅ។

យ៉ាងណា ការពន្យា​ពេលកិច្ចប្រជុំនេះ ក្រោមហេតុផលដោយ​សារ​មេរោគ​កូរ៉ូណា​ ​ត្រូវគេ​ដឹង​ថា នឹង​រង់ចាំ​ការ​កំណត់​ជាថ្មី​ពី​លោក​ប្រធានាធិបតី​ ត្រាំ នាពេលខាងមុខទៀត៕ អត្ថបទ៖ សិរីកា

សម្តេច ហ៊ុន សែន ប្រាប់​ពីមូល​​ហេ​តុ​ដែលអា​មេរិក​​​សម្រេច​ពន្យា​​ពេល​នៃកិច្ចប្រ​ជុំអា​ស៊ាន-អាមេរិក
59 Shares