ប្រធានស​ហ​ព័ន្ធ៖ ដាក់​ផែន​ការ​បង្កើន​នាំចេញអង្ករទៅ​កាន់ទីផ្សារ​ហុងកុង​ឲ្យបាន​៣ម៉ឺន​តោន ​ក្នុងឆ្នាំ ២០២០នេះ

ជុំវិញ​ឧកញ៉ា
28 Shares

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្ករទៅកាន់​ទីផ្សារ​ថ្មីហុងកុងកើនឡើងយ៉ាងខ្លាំងសំរេចបានជាង ៦,៦០០ តោន ក្នងរយះពេល ២ខែ ដើមឆ្នាំ២០២០។ ហុងកុងនាំចូលពីកម្ពុជាប្រហែល ១២,០០០ តោន ក្នុងឆ្នាំ២០១៩ ។ នេះបើតាមការឲ្យដឹងពីប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ឧកញ៉ា សុង សារ៉ន នៅថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២០នេះ។

លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអោយដឹងទៀត ហុងកុងនាំចូលអង្ករក្នុងមួយឆ្នាំ ប្រហែល ៥០០,០០០ តោន ។ហេតុនេះលោកថា  សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation – CRF) បានដាក់​ចេញផែនការបង្កើននាំចេញអង្ករទៅកាន់ទីផ្សារថ្មីនេះ អោយបាន ៣០,០០០ តោន ក្នុងឆ្នាំ ២០២០ នេះ ។

បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅរយៈពេល​២ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករបានជាង១៣ម៉ឺនតោន ​។ សហព័ន្ធស្រូវ​អង្ករបានបញ្ជាក់ទៀតថា រយៈពេល២ខែនេះ អង្ករកម្ពុជានាំចេញទៅចិន បានចំនួន​ជាង៥ម៉ឺនតោន កើនឡើង១១%, នាំចេញទៅអឺរ៉ុប និងអង់គ្លេស ជាង៤ម៉ឺនតោន កើន២៣%, នាំទៅប្រទេសសមាជិកអាស៊ានជាង២.៥ម៉ឺនតោន កើនឡើង៤០%។

សូមជម្រាបថា ប្រទេសកម្ពុជា ទទួលបានចំណូលប្រមាណ៥០០លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងបរិមាណ៦២ម៉ឺនតោន នៅឆ្នាំ២០១៩៕អទ្ថបទ៖ សិរីការ

ប្រធានស​ហ​ព័ន្ធ៖ ដាក់​ផែន​ការ​បង្កើន​នាំចេញអង្ករទៅ​កាន់ទីផ្សារ​ហុងកុង​ឲ្យបាន​៣ម៉ឺន​តោន ​ក្នុងឆ្នាំ ២០២០នេះ
28 Shares