ក្រុមហ៊ុនរ៉ែមាសមួយនៅខេត្តក្រចេះ គ្រោងផលិតមាសឱ្យបាន២០គីឡូក្រាមក្នុងមួយខែ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd បានតាមគម្រោងសាកល្បង ៣ខែ ដំបូង ក្រុមហ៊ុនគ្រោងផលិតឱ្យបាន ២០គីឡូក្រាមក្នុងមួយខែ ដែលគិតត្រឹមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ការលើកឡើងបែបនេះ ត្រូវបានបង្ហាញឡើងនៅក្នុងដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ដោយមានការចូលរួមពីឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd បានបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ខ្លួន ដែលក្នុងនោះបានកត់ត្រាថ្លឹងកំហាប់រ៉ែមាស (Gold Concentrates) មានទម្ងន់ ៧ ៨៤៩  ក្រាម និងបានយកកំហាប់រ៉ែមាសនោះទៅស្ល និងចាក់ចេញជាដុំមាស (Gold Doré) បានចំនួន ០៧ដុំ មានទម្ងន់សរុប ៨ ២១២,២៧  ក្រាម ដែលមានអត្រាភាពសុទ្ធ ៩៩.៩% ។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុន បានឱ្យដឹងថា  តាមគម្រោងសាកល្បងរយៈពេល៣ខែ ដំបូង ក្រុមហ៊ុនគ្រោងផលិតឱ្យបាន ២០គីឡូក្រាមក្នុងមួយខែ ដែលគិតត្រឹមខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។បន្ទាប់មក ជាជំហានបន្ទាប់ ក្រុមហ៊ុនគ្រោងនឹងផលិតឱ្យបាន ចំនួន៦០គីឡូក្រាមបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាស ពីក្រសួងរ៉ែនិងថាមពល កាលពីខែសីហា ឆ្នាំ២០១៨ លើទំហំដីចំនួន ២៨ គីឡូម៉ែត្រក្រឡា ដើម្បីប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួននៅស្រុកសំបូរ ខេត្តក្រចេះ។ក្រោយពីទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុននេះ បានតម្លើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែដោយសារតែបញ្ហាកូវីដ១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០២២ នេះប៉ុណ្ណោះ៕