អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តវិធានការផ្លូវច្បាប់នាពេលដ៏ខ្លីខាងមុខ ចំពោះសហគ្រាស ដែលមិនបានអនុវត្តត្រឹមត្រូវតាមវិធានវិក្កយបត្រ ខណៈពន្ធដា បាននឹងកំពុងជំរុញឲ្យបង្កើនការផ្សព្វផ្សាយ។
លិខិតផ្សព្វផ្សាយកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងសម្រាប់រយៈពេល៩ខែ ឆ្នាំ២០២២ ថ្មីៗនេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា៖ «ក្នុងដំណាក់កាលនេះ អគ្គនាយកដ្ឋានពន្ធដារអនុវត្តដោយទន់ភ្លន់ ដោយផ្សព្វផ្សាយ និងណែនាំ ហើយឆាប់ៗខាងមុខនេះ នឹងអនុវត្តវិធានការផ្លូវច្បាប់ ចំពោះសហគ្រាស ដែលមិនបានអនុវត្តត្រឹមត្រូវតាមវិធានវិក្កយបត្រ»។
ទន្ទឹមនឹងនេះ លោកក៏បានជំរុញឲ្យបង្កើនការផ្សព្វផ្សាយ អំពីការអនុវត្តវិធានវិក្កយបត្រដល់អ្នកជាប់ពន្ធ និងជំរុញឲ្យអ្នកជាប់ពន្ធ និងសហគ្រាសទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវ នូវការចេញវិក្កយបត្រស្រប តាមវិធានវិក្កយបត្រផងដែរ។
បើតាមលោក គង់ វិបុល ពន្ធដារដឹងហើយថា តើសហគ្រាសណាខ្លះ ចេញវិក្កយបត្រត្រឹមត្រូវតាមវិធានវិក្កយបត្រ និងខ្លះមិនទាន់បានចុះបញ្ជីពន្ធដារផង ដោយសារមានកម្មវិធី វិក្កយបត្រនាំសំណាង ដែលចាប់តាំងពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មកទទួលបានការចូលរួម និងគាំទ្រពីសាធារណជនទូទៅយ៉ាងខ្លាំង។
គួររំលឹកថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានមានចំនួន១០ ៩០៨.១៩ប៊ីលានរៀល ឬប្រមាណជា ២ ៦៩៣.៣៨ លានដុល្លារ ស្មើនឹង ៩៥.៥៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ កើនឡើងចំនួន ២ ៣៥១.០៧ ប៊ីលានរៀល ឬប្រមាណជា ៥៨០.៥១ លានដុល្លារ ដែលស្មើនឹង ២៧.៥០%៕