ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១៣ ខែតុលានេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើឲ្យលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បន្តកៀងគរធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប ដូចជា កៅស៊ូ ដំឡូងមី ស្រូវ ស្វាយ ចេក ជាដើម។ បន្ថែមលើនេះ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងកិច្ចសហប្រតិបត្តិការផ្នែកហាឡាលផងដែរ។
ក្នុងជំនួបនោះ លោកស្រី Ülkü Kocaefe បានបង្ហាញអំពីឆន្ទៈនិងគោលជំហរដ៏មោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជាពិសេសពាណិជ្ជកម្ម វិនិយោគ ការអប់រំ និងកិច្ចការហាឡាល និងព្យាយាមជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។
លើសពីនេះ លោកស្រីក៏បានបញ្ជាក់ថានឹងមានការបង្កើតការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគីប្រចាំកម្ពុជា ដើម្បីជំរុញបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។
ក្នុងឱកាសនោះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីកិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈយន្តការគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលកិច្ចប្រជុំលើកទី៣ នឹងគ្រោងធ្វើនៅរាជធានីភ្នំពេញ នាពេលខាងមុខ។ ចាប់តាំងពីឆ្នាំ២០១៥មក គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យអាទិភាព រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ កសិកម្ម សុខាភិបាល ឧស្សាហកម្ម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។
សូមជម្រាបថា ពាណិជ្ជកម្មរវាងកម្ពុជា-តួកគី សម្រេចបានទំហំប្រមាណ ៩០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ខណៈដែលក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨៥ លានដុល្លារអាមេរិក។ សម្រាប់មុខទំនិញសំខាន់ៗទ្វេភាគី រួមមាន៖ វាយនភណ្ឌនិងសម្លៀកបំពាក់ ស្បែកជើង អង្ករ កៅស៊ូ គ្រឿងបរិភោគ បរិធានអគ្គិសនី យានយន្ត រ៉ែ៕