បង្ហាញព្រះរាជស្នាដៃលេចធ្លោក្នុងសម័យសង្គមរាស្ត្រនិយម របស់សម្តេច នរោត្តម សីហនុ

សង្គម​ និង​សេដ្ឋកិច្ច

នៅ​ថ្ងៃសៅរ ទី១៥ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួប​១០ឆ្នាំនៃការ​យាងចូលព្រះទិវង្គត​របស់​ព្រះ​ករុណា​ ​ព្រះបាទសម្តេច នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” បានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ​ ៩០ព្រះវស្សា នៅទីក្រុងប៉េកាំង ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះបីជាព្រះអង្គយាងសោយទិវង្គតក៏នៅ​តែ​ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចងចាំមិនភ្លេចនូវព្រះរាជស្នាព្រះហស្ថ ដ៏មានតម្លៃបំផុតជាប្រវត្តិសាស្រ្ត របស់ព្រះអង្គចំពោះជាតិមាតុភូមិ គឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនប្រជាជាតិខ្មែរពីអាណានិគម នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ និងការដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើនខ្លាំង ក្នុងសម័យសង្គមរាស្ត្រ​និយម។

នៅឆ្នាំ១៩៦០ ព្រះករុណាព្រះបាទសម្តេច នរោត្តម សុរាម្រិត ទ្រង់សោយព្រះទិវង្គត ពេលនោះព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ត្រូវបានសមាជិកសភាខ្មែរ សម្រេចជាឯកច្ឆន្ទជ្រើសតាំងព្រះអង្គជា ព្រះប្រមុខរដ្ឋ នៃព្រះរាជណាចក្រកម្ពុជា។ ក្នុងព្រះរាជឋានៈព្រះអង្គបន្តការដឹកនាំប្រជារាស្រ្តខ្មែរ ក្នុងព្រះរាជកិច្ច កសាងជាតិមាតុភូមិយ៉ាងសកម្មជាទីបំផុត។

នៅក្នុងឆ្នាំ១៩៦៦ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្ត ខ្មែរបានថ្វាយព្រះនាមព្រះអង្គថាជា ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ ហើយសមិទ្ធផលនានា ជាច្រើនបានត្រូវកសាងឡើងសម្រាប់ប្រជារាស្រ្តប្រើប្រាស់នៅតាមបណ្តាខេត្ត ក្រុងនានា ជាពិសេសមានសមិទ្ធផលធំៗមានដូចជា៖
វិមានឯករាជ្យ, ​វិមានរដ្ឋចំការមន, ចំណតអាកាសយានដ្ឋាន​អន្តរជាតិពោធិចិនតុង, ចំណតអាកាសយានដ្ឋាន​សៀមរាប, ចំណតអាកាសយានដ្ឋានបែកចាន ខេត្តបាត់ដំបង, ​ផ្លូវជាតិលេខ៤ ភ្នំពេញ ក្រុងព្រះសីហនុ, កំពង់ផែអន្តរជាតិ កក្រុងព្រះសីហនុ, សណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ​, សាលមហោស្រពជាតិ ព្រះសុរាម្រិត ភ្នំពេញ, សាលសន្និសីទចតុម្មុខ, ពហុកីឡដ្ឋានជាតិអូឡំាពិក ភ្នំពេញ, ស្ពានព្រះមុនីវង្សទី២​, ស្ពានសង្គមរាស្រ្តនិយមឆ្លងកាត់ទន្លេសាប​, សាកលវិទ្យាល័យសង្គមរាស្រ្ននិយម ភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស, សាកលវិទ្យាល័យភូមិន្ទរដ្ឋបាល មហាវិទ្យាល័យនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច មហាវិទ្យាល័យគរុកោសល្យ, ពុទ្ធិកសាលវិទ្យាល័យព្រះសីហនុរាជ មហាវិទ្យាល័យសិល្បៈស្ថាបនា​ មហាវិទ្យាល័យសិល្បៈ និងមុខរបរ, ពុទ្ធិកសាលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្រ្ត, សាកលវិទ្យាល័យភូមិន្ទកំពង់ចាម​, សាកលវិទ្យាល័យភូមិន្ទបាត់ដំបង​, សាកលវិទ្យាល័យភូមិន្ទ តាកែវ កំពត​, រោងភាពយន្តរដ្ឋ​, ស្ថានីយទូរទស្សន៍ខេមរភូមិន្ទ​, មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត, រោងចក្រចម្រាញ់ប្រេងកាត ក្រុងព្រះសីហនុ, រោងចក្រស្រាបៀរ ក្រុងព្រះសីហនុ, រោងចក្រ នរោត្តម ដំឡើងត្រាក់ទ័រ និងរថយន្តធំ ក្រុងព្រះសីហនុ​, រោងចក្រស្ករស កំពង់ត្រាំ ខេត្តកំពង់ស្ពឺ, រោងចក្រវាយភ័ណ្ឌ ខេត្តបាត់ដំបង, រោងចក្របាវក្រចៅ ដូនទាវ ខេត្តបាត់ដំបង​, រោងចក្រស៊ីម៉ង់ត៍ចក្រីទីង ខេត្តកំពត​, រោងចក្រកែវជើងឯក រាជធានីភ្នំពេញ​, រោងចក្រក្តារបន្ទះដីឥដ្ឋ ខេត្តកណ្តាល, រោងចក្រក្រដាសឆ្លូង ខេត្តក្រចេះ​, រោងចក្រជីហ្វូសស្វាតទូកមាស ខេត្តកំពត​, រោងចក្រកង់ឡានតាខ្មៅ ខេត្តកណ្តាល, រោងចក្រត្រីខប្រអប់ ខេត្តកោះកុង, រោងចក្រផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម, រោងចក្រវារីអគ្គិសនីគីរីរម្យ ខេត្តកំពង់ស្ពឺ និងសមិទ្ធផលនានាជាច្រើនទៀតនៅតាម​បណ្តាស្រុក ខេត្ត ក្រុង ដូចជាសាលារៀន មន្ទីរ ពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយផ្លូវ ថ្នល់ស្ពានជាដើម។ល៕