ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជា បានត្រៀមរួចជាស្រេចក្នុងការរៀបចំសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជាបន្ទាន់នូវបញ្ហារ និងផលប៉ះពាល់ដោយសារទឹកជំនន់។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការវាយតម្លៃផលប៉ះពាល់ ដោយសារទឹកជំនន់ កាលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្គ្រីនត្រេដជាសេនាធិការ បានត្រៀមរួចជាស្រេចក្នុងការរៀបចំសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយជាបន្ទាន់នូវរាល់បញ្ហា និងផលប៉ះពាល់នានា ដែលបង្កឡើងដោយសារទឹកជំនន់។
ឯកឧត្តម លើកឡើងថា ស្ថានភាពសន្និធិស្បៀងត្រៀមបម្រុងជារូបវ័ន្តរបស់រាជរដ្ឋាភិបាល ដែលក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានទទួលគ្រប់គ្រងផ្ទាល់លើស្តុកសន្និធិស្បៀងត្រៀមបម្រុងនេះ គឺបានអនុវត្តដោយយកចិត្តទុកដាក់ផ្អែកតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
ជាងនេះទៀត ឯកឧត្តម បន្តថា «ក្នុងកំឡុងពេលមានគ្រោះមហន្តរាយ ដែលបង្កឡើងដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនកន្លងទៅ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានចាត់ចែងបញ្ចេញស្តុកស្បៀង ជូនខេត្តគោលដៅដែលរងគ្រោះដោយសារទឹកជំនន់ បានទាន់ពេលវេលា ក្នុងនោះរួមមាន ៖១– ខេត្តកំពង់ធំ ចំនួន ៧.៨២៥គ្រួសារ ២– ខេត្តបន្ទាយមានជ័យ ចំនួន ២.៧៥០គ្រួសារ ៣– ខេត្តបាត់ដំបង ចំនួន ១.០០០ គ្រួសារ ៤– ខេត្តព្រះវិហារ ចំនួន ២៤៧គ្រួសារ ៥– ខេត្តឧត្តរមានជ័យ ចំនួន ២៥០គ្រួសារ ៦– ខេត្តសៀមរាប ចំនួន ៥.៩១៤គ្រួសារ (បញ្ចេញ ២ លើក ក្នុងបរិមាណសរុប ១០.០៥០ គ្រួសារ)»។
សូមជម្រាប់ដែរថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងជូនប្រជាពលរដ្ឋចំនួន ១៧.៩៨៦គ្រួសារ ស្មើនឹង ១៧.៩៨៦ កញ្ចប់។ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម នឹងបញ្ចេញសន្និធិស្បៀងត្រៀមបម្រុងនេះ ចែកជូនប្រជាពលរដ្ឋជាបន្តទៀត ក្នុងនោះគ្រោងនឹងបញ្ចេញជូនទៅខេត្តសៀមរាប ចំនួន ១០.០៥០ គ្រួសារ និងត្រៀមជាស្រេច ដើម្បីបញ្ចេញទៅបណ្តាខេត្តផ្សេងទៀត ដែលទទួលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ៕