ឡុង ប្រាសាទ ​​​ជាមួយ​​ស្រី​ស្អាត សុខ​ ចិន្ដា ក្នុង​ឈុត​​ប្លាស្ទិក ដែល​ជា ស្នាដៃ សិល្បករ​សហសម័យ​ហ៊ិន គឹមយាន

កម្សាន្ត

ដោយ​ចង់ចែក​រំលែក​ផ្សព្វផ្សាយ​​នូវ​សារ​អប់រំ​ដល់​មហាជន​​ឲ្យ​​​​​សហការ​ទាំង​អស់​​​គ្នា​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​​គ្រឿង​ប្លាស្ទិក ឬ​ជួយ​រក្សា​​​​​បរិស្ថាន​​​ស្រស់​ស្អាត​នោះ​​ ក៏​ជំរុញ​ឲ្យ​​​​​​សិល្បករ​សហសម័យ​មាន​ជំនាញ​​​​​ក្រាហ្វិក​​ឌីហ្សាញ​​​​ លោក ហ៊ិន គឹម​យាន រក​​​​ឃើញ​គំនិត​​ថ្មីៗ​បង្កើត​​ស្នាដៃ​សិល្បៈ​ពី​គ្រឿង​ប្លាស្ទិក​​​ឲ្យ​ក្លាយ​​ជា​​គ្រឿង​​​សិល្បៈ​លម្អ​នានា​ និង​បង្កប់​ន័យ​អប់រំ​តាមរយៈ​ការ​សម្ដែង​​បង្ហាញ​​ស្នាដៃ​​ជាមួយ​​ក្រុម​​សិល្បៈ​​​ឈ្មោះ​ថា «ក្រុម​សិល្បៈ​​ទេពច្យុត»។ តារា​ដែល​បាន​ចូល​រួម​សម្ដែង​នោះ​​មាន​ឈ្មោះ​ថា លោក ឡុង​ ប្រាសាទ​ និង កញ្ញា ស្រី​ សុខ​ ចិន្ដា។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ិន គឹមយាន​ មាន​ស្រុក​កំណើត នៅ​ស្រុក​​មោង​ឫស្សី​ ​ខេត្ត​បាត់ដំបង ជា​អតីត​និស្សិត​រៀន​ជំនាញ​​ក្រាហ្វិក​ឌីហ្សាញ​​នៅ​​​ហ្វារពន្លឺ​សិល្បៈ​​នៅ​​ឆ្នាំ ​២០១៣-២០១៦ និង​បច្ចុប្បន្ន​​ ជា​គ្រូ​បង្រៀន​​ផ្នែក​​ក្រាហ្វិក​ឌីហ្សាញ​ នៅ​​ឯ​សាលា​ជំនាញ​​សិល្បៈ​ទស្សនីយភាព​​ ខណៈ​លោក​ក៏​ជា​​ប្រធាន​ក្រុម​នេះ​​​​ផង​ដែរ​។

ដោយ​​ចិត្ត​ស្រឡាញ់​ការ​ច្នៃម៉ូដ​សម្លៀកបំពាក់​តាំង​ពី​តូច​​មក​ ទើប​​បាន​ជុំរុញ​ឲ្យ​លោក គឹមយាន​ ​ចាប់​យក​ជំនាញ​ជា​អ្នក​ច្នៃ​​ម៉ូដ​សម្លៀក​បំពាក់​ម្នាក់​ផង​ដែរ ហើយ​​ទើប​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​​បោះ​សំឡេង​នា​រយៈ ​១ ​​ឆ្នាំ​មក​នេះ ​ចាប់​ផ្ដើម​​នៅ​ចុង​ឆ្នាំ ​២០១៨​ និង​​ដើម​ឆ្នាំ ​២០១៩ ​​​​លើ​ការ​ច្នៃ​ប្រឌិត​នានា​ ​​ប្រើ​​​ជា​មធ្យោបាយ​ផ្សព្វផ្សាយ​ជាសារ​អប់រំ​មួយ​​ ជា​ពិសេស​​​​ការ​យក​ប្លាស្ទិក​ធ្វើ់​​​ជា​គ្រឿង​​​ច្នៃ​ប្រឌិត​ឲ្យ​​ជា​​វត្ថុ​សិល្បៈ​លម្អ និង​បង្កើត​ការ​​សម្តែង​បង្ហាញ​ដល់​មហាជន​ ស្វែងយល់​​ពី​បញ្ហា​​បរិស្ថាន​ ​ហើយ​សហការ​ចូលរួម​កាត់​បន្ថយ​នៃ​ការ​ប្រើប្រាស់​ប្លាស្ទិក​ និង​បោះ​ចោល​ពាស​វាល​ពាស កាល​។

លោក ហ៊ិន គឹមយាន បញ្ជាក់​អំពី​គោល​បំណង​នៃ​​គំនិត​ច្នៃ​ប្រឌិត​​​ថ្មី ​ដែល​ចង់​ប្រើ​គ្រឿង​ប្លាស្ទិក​ មក​ធ្វើ​ជា​វត្ថុ​ធាតុ​ដើម​ សម្រាប់​បង្កើត​ស្នាដៃ​​សិល្បៈ​លម្អ​ ឬ​របស់​ប្រើប្រាស់​ឡើង​វិញ​​​នេះ​ដែរ​ថា៖ «ក្នុង​នាម​ជា​សិល្បករ​ផ្នែក​នេះ​ ការ​រិះ​រក​​គំនិត​​ថ្មី​ផ្ទាល់​ខ្លួន​ ​ចៀស​​វាង​ការ​លួច​​គំនិត​គេ​​​។ ហើយ​​ការ​ច្នៃ​ប្លាស្ទិក​​​នេះ​ ខ្ញុំ​មាន​បំណង ​២ ​យ៉ាង​​គឺ​ទី១ ចង់​យក​នូវ​គ្រឿង​ប្លាស្ទិក ​ដែល​អាច​ច្នៃ​​ជា​វត្ថុ​សិល្បៈ​លម្អ​តាម​ផ្ទះ ឬ​ទីកន្លែង​ផ្សេងៗ​។ ​ទី​២ ចង់​ផ្តល់​ជាសារ​មួយ​​ទៅ​ដល់​បងប្អូន​យើង​ទាំង​អស់​​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​កាត់​បន្ថយ​​​​ប្រើ​គ្រឿង​ប្លាស្ទិក និង​បោះ​​​ចោល​ពាសវាល​ពាស​កាល​​នៅ​​គ្រប់​ទី​កន្លែង​នោះ​ ដោយសារ​វា​មាន​ផល​ប៉ះពាល់​ខ្លាំង​​ដល់​បរិស្ថាន​​​​។​ ​ដូច្នេះ​តាមរយៈ​ស្នាដៃ​ច្នៃ​ប្រឌិត ​ពី​ប្លាស្ទិក​នេះ ខ្ញុំ​ក៏​រំពឹង​​ថា អាច​ជួយ​​ផ្សព្វផ្សាយ​​ពី​ការ​យល់​ដឹង​​របស់​បងប្អូន​​បាន​មួយ​កម្រិត​ដែរ​»។​​

ទោះ​​​ជា​យ៉ាង​​ណា ការ​ខិតខំ​រិះ​រក​គំនិត​ច្នៃ​ប្រឌិត​គ្រឿង​​​ប្លាស្ទិក ​ឲ្យ​ទៅ​ជា​វត្ថុ​អនុស្សាវរីយ៍​ ឬ​វត្ថុ​សិល្បៈ​លម្អ​​នេះ គឺ​មិន​​​មែន​ជា​ប្រភព​រក​​ប្រាក់​ចំណូល​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​លោក ហ៊ិន ​គឹមយាន​ បាន​ល្អ​ប្រសើរ​នោះ​​ឡើយ​ ដោយសារ​​លោក​ក៏​​មាន​​​អាជីព​​​ជា​គ្រូ​បង្រៀន​ផ្នែក​ជំនាញ​ក្រាហ្វិក​ឌីហ្សាញ​។ ​

លោក ហ៊ិន គឹមយាន ដែល​ជា​សិល្បករ​​​សហសម័យ​វ័យ ២៧ ឆ្នាំ ​​បាន​​បញ្ជាក់​ថា៖ «​សម្រាប់​​ទ្រទ្រង់​​ជីវភាព​រស់នៅ​ខ្ញុំ​មាន​​អាជីព​​ជា​គ្រូ​បង្រៀន​​ខាង​ផ្នែក​​ក្រាហ្វិក​ឌីហ្សាញ​ នៅ​សាលា​ជំនាញ​​សិល្បៈ​ទស្សនីយភាព។​ ខណៈ​​ការងារ​សិល្បៈ​ច្នៃ​​ប្រឌិត​របស់​ខ្ញុំ​មិនមែន​ជា​ការ​បង្កើត​ស្នាដៃ​ ដើម្បី​យក​ទៅ​ដាក់​លក់​តាម​វិចិត្រសាល​នោះ​ឡើយ​ ​គឺ​យើង​មាន​ការងារ​​ក្រុម​មួយ​មាន​ឈ្មោះ​ថា «ក្រុម​សិល្បៈ​ទេព​ច្យុត» ​ដែល​មាន​សមាជិក ​សរុប​​​ចំនួន ១៥ នាក់ សម្រាប់​ការ​​សម្តែង​រឿង​​​ ដែល​​ជា​ឈុត​ឆាក​សិល្បៈ​បែប​​​អប់រំ​​របស់​ពួក​​យើង​​ ហើយ​យើង​​ក៏​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការ​​សម្តែង​នេះ។ កន្លង​​មក​យើង​បាន​សម្តែង​ក្នុង​កម្មវិធី​ជំនោរ​សិល្បៈ»៕

រូបថត ហ៊ិន គឹមយាន

ប្រភព៖ ភ្នំពេញ​ប៉ុស្តិ៍