អភិបាលខេត្តសៀមរាប៖ ជនជាតិជប៉ុនផ្ទុកវីរុសCOVID-19 មុនពេលចេញពីខេត្តសៀមរាប ពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ ជនជាតិជប៉ុននោះមិនមែនជាភ្ញៀវទេសចរទេ តែជាអ្នករស់នៅ និងរកស៊ីក្នុងខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច
119 Shares

សារព័ត៌មានប្រទេសវៀតណាមបានចេញផ្សាយថា ក្រសួងសុខាភិបាលរបស់វៀតណាម នៅថ្ងៃពុធ ទី០៤ ខែមីនា បានប្រកាសថារកឃើញ អ្នកដំណើរជនជាតិជប៉ុនម្នាក់មានផ្ទុកវីរុសកូរ៉ណា (COVID-19) ដែលបានធ្វើដំណើរតាមជើងយន្តហោះ ពីខេត្តសៀមរាបប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសវៀតណាម។

អ្នកដំណើរជនជាតិជប៉ុននោះ បានធ្វើដំណើរតាមជើងយន្តហោះ Vietnam Airlines ពីខេត្តសៀមរាប ហើយប្តូរជើងយន្តហោះនៅប្រទេសវៀតណាម ឆ្ពោះទៅកាន់ទីក្រុងNagoya ប្រទេសជប៉ុន។

នៅពេលចុះចតក្នុងព្រលានយន្តហោះជប៉ុន អ្នកដំណើរនោះបានបង្ហាញនូវសញ្ញាក្តៅខ្លួន និងត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា ដោយមន្ត្រីសុខាភិបាលប្រទេសជប៉ុ​ន។

ចំពោះរឿងនេះ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកនេះបានឲ្យដឹងបែបនេះថា៖ ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-19នៅឡើយ ហេីយអភិបាលខេត្តក៏បានចាត់វិធានការស្រាវជ្រាវ និងត្រៀមបង្ការ

ថ្មីៗនេះ ការផ្សព្វផ្សាយជុំវិញព័ត៌មានថា ចំពោះជនជាតិជប៉ុនម្នាក់បានឆ្លងជំងឺ COVID-19 ដែលបានហោះចេញពីព្រលានយន្តហោះអន្តរជាតិសៀមរាបឆ្លងកាត់ព្រលានយន្តហោះ ទីក្រុងហូជីមិញប្រទេសវៀតណាម រួចបន្តដំណើរទៅប្រទេសជប៉ុន។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ជនជាតិជប៉ុនរូបនេះគឺគាត់ជាអ្នករស់នៅនិងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាបមិនមែនមកដំណើរកំសាន្តលក្ខណៈទេសចរណ៍នោះទេ។ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខាភិបាលសុខាភិបាល។ តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្ត និងភាគីកុងស៊ុលជប៉ុនប្រចាំខេត្ត បានបញ្ជាក់ថាមុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ។

ម្យ៉ាងវិញទៀត ភាគីជប៉ុនបានបញ្ជាក់ថាក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការ ថាជនជាតិជប៉ុនរូបនេះមានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយ។ ទន្ទឹមគ្នានេះ ឯកឧត្តម អភិបាលខេត្តបានណែនាំឲ្យមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងសហការជាមួយក្រសួងសុខាភិបាល ដាក់ចេញនូវវិធានការនានាដើម្បីត្រៀមបង្ការនិងស្រាវជ្រាវករណីនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។

ដូចនេះ សូមសាធារណជនជាតិ និងអន្តរជាតិសូមមេត្តាជ្រាបជាព័ត៌មាន នឹងរង់ចាំការផ្សព្វផ្សាយជាផ្លូវការអំពីករណីនេះខាងភាគីជប៉ុន ក៏ដូចជាក្រសួងសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

មុន​នេះ​បន្តិច ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បញ្ជាក់ជុំវិញករណីជនជាតិជប៉ុនម្នាក់ផ្ទុកវីរុសកូរ៉ូណា យ៉ាង​ដូច​នេះ។

អភិបាលខេត្តសៀមរាប៖ ជនជាតិជប៉ុនផ្ទុកវីរុសCOVID-19 មុនពេលចេញពីខេត្តសៀមរាប ពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ ជនជាតិជប៉ុននោះមិនមែនជាភ្ញៀវទេសចរទេ តែជាអ្នករស់នៅ និងរកស៊ីក្នុងខេត្តសៀមរាប
119 Shares