ក្រោយដំណើរការប្រកួតអស់រយៈពេល ១១សប្តាហ៍ រវាងក្រុមបាល់ទាត់ពាក់កណ្តាលអាជីព ចំនួន ១៨ក្រុម និងលេង ៧២ប្រកួត ទីបំផុតក្រុម KHMER UNITED របស់ឧកញ៉ា គីម ហ៊ាង បានឈ្នះពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព KW Cambodia League 2022 បន្ទាប់ពីយកឈ្នះលើក្រុម TN Kandal FC ក្នុងលទ្ធផលដ៏ស្វិតស្វាញ ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅតារាងបាល់ទាត់វិទ្យាល័យបឹងត្របែក កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ។
មួយគ្រាប់ដ៏មានអត្ថន័យរបស់ក្រុម KHMER UNITED គឺរកបានដោយខ្សែបម្រើលេខ៨ កែវ ជាតួ តាមរយៈការលើកបាល់ជ្រុងបញ្ចូលទីតែម្តង នៅនាទីទី១៩។ ចំណែកឯខ្សែប្រយុទ្ធ គីម ហ៊ាង ពាក់លេខ១០ របស់ក្រុម KHMER UNITED ពុំបានចូលលេងនៅវគ្គផ្តាច់ព្រ័ត្រនោះទេ ដោយសារលោកមានបញ្ហារបួសសរសៃសាច់ដុំ អំឡុងពេលហ្វឹកហាត់ខ្លាំងពេក។ ទោះយ៉ាងណា លោកឧកញ៉ា ក៏បានទៅចូលរួមជាគណៈអធិបតី ដើម្បីលើកទឹកចិត្តក្រុម និងចែករង្វាន់ជូនក្រុមកីឡាករផងដែរ។
ពានរង្វាន់បាល់ទាត់ KW Cambodia League ត្រូវបានបង្កើតឡើងដោយ ឧកញ៉ា គីម ហ៊ាង តាំងពីឆ្នាំ២០១២ ហើយឆ្នាំនេះជារដូវកាលទី១០ហើយ ដោយមានក្រុមចូលរួមប្រកួត ១៨ក្រុម និងមានកីឡាករចូលរួមប្រកួតសរុបជាង ៥០០នាក់ ពិសេសមានកីឡាករបរទេសចំរុះជាតិសាសន៍ជិត ២០០នាក់ចូលរួមប្រកួត ១១សប្តាហ៍។ ការប្រកួតត្រូវបានបែងចែកជាពីរពូល គឺពូល A មាន ៩ក្រុម និងពូល B មាន៩ក្រុម ហើយក្រុមដែលឈ្នះពាន នឹងទទួលបានប្រាក់រង្វាន់ប្រមាណ ១ម៉ឺនដុល្លារ រួមជាមួយនឹងមេដាយមាស និងពានរង្វាន់ផងដែរ។
KW Cambodia League ប្រចាំឆ្នាំ២០២២នេះ នាំមកជូនដោយ៖ បុរី វិមានសំណាង Borey Vimean Samnang ជាលំនៅឋានបែបអភិជន, បុរី ខេអេស រ៉េស៊ីដេន Borey KS Residence ស្ថិតលើផ្លូវជាតិលេខ១ ១៥នាទីពីច្បារអំពៅ និងក្រុមហ៊ុនអចលនទ្រព្យ Keller Williams Cambodia ដែលជាក្រុមហ៊ុនអាមេរិកលេខ១ ក្នុងការទិញលក់អចលនទ្រព្យ ដោយមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេស ជាអ្នកឧបត្ថម្ភនិងគាំទ្រផ្ដាច់មុខ៕