ករណី​អ្នក​ភូមិ​៧០​គ្រួសារ លើក​គ្នា​ប្ដឹង តារា​ចម្រៀង ព្រាប សុវត្ថិ ចេញលទ្ធិផល

កម្សាន្ត
200 Shares

ករណី​បណ្ដឹង​របស់​អ្នក​ភូមិ​៧០​គ្រួសារ ប្ដឹង​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី ហង្ស មាស លោក ព្រាប សុវត្ថិ ជុំ​វិញ​ការ​សាង​សង់​​របង​ចូល​ផ្លូវ​សាធារណៈ ចត​ឡាន​គ្មាន​សណ្ដាប់ធ្នាប់​លើ​ផ្លូវ​សាធារណៈ បង្ក​ឲ្យ​មាន​សំឡេង​​រថយន្ត​រំខាន​ដល់​ការ​ដេក​ពូន ឲ្យ​ជាង​ធ្វើ​​គ្រឿង​ឈើ​ផ្លូវ នឹង ស្លឹក​ឈើ​ជ្រុះ​ចូល​ផ្ទះ​គេ​ជិត​ខាង ​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​​ទូទាំង​ប្រទេស ខណៈ​ដែល​កំពូល​តារា​ច្រៀង​រូប​នេះ​កន្លង​មក​មិន​ធ្លាប់​មាន​រឿង​អាស្រូវ​បែប​នេះ​ឡើយ នៅ ព្រឹក ថ្ងៃ​ទី៦ ខែ មិនា ឆ្នាំ ២០២០ ពោល​​បន្ទាប់​ពី​រឿង​នេះ​ផ្ទះ​ឡើង​​តែ​១ថ្ងៃ លោក ព្រាប សុវត្ថិ នឹង​ប្រជាពលរដ្ឋ​ដែល​បាន​ប្ដឹង​នោះ បាន​ជួប​មុខ​ផ្ទាល់​គ្នា ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ ចំពោះ​មុខ​អាជ្ញាធរ​តែ​ម្ដង ដោយ​ទទួល​បាន​លទ្ធផល​បាន​ចំនួន​៤​ចំណុច នៅ​សល់​១​ចំណុច​ទៀត រង់​ចាំ​ដោះ​ស្រាយ​បន្ត។

រកណី ទី១. (ចត​ឡាន​គ្មាន​សណ្ដាប់ធ្នាប់​លើ​ផ្លូវ​សាធារណៈ)

ត្រង់​ចំណុច​នេះ លោក ព្រាប សុវត្ថិ ព្រម​ដក​​ចេញ ដោយ​លោក​បាន​លើក​ឡើង​​ថា ការ​ចត​នោះ កន្លង​មក​គឺ​លោក​បាន​សុំ ម្ចាស់​ផ្ទះ​ដែល​នៅ​ជាប់​ផ្ទះ​លោក​នោះ​ចត​ត្រឹម​ត្រូវ ខ្លួន​មិន​នឹង​ស្មាន​ថា មាន​រឿង​បែប​នេះ​ឡើយ ក្នុង​នោះ ​លោក​ក៏​សូមទោស បើ​ប៉ះពាល់ ដល់​ការ​ធ្វើ​ដំណើរ​ដល់​អ្នក​​ភូមិ។

ករណី​ទី២. (បង្ក​ឲ្យ​មាន​សំឡេង​​រថយន្ត​រំខាន​ដល់​ការ​ដេក​ពូន)

កំពូល​តារា​ចម្រៀង​រូប​នេះ​ក៏​បាន​សូមទោស នឹង​សូម​មាន​ការ​អធ្យាស្រ័យ​ជុំវិញ​បង្ក​ឲ្យ​មាន​សំឡេង​​រថយន្ត​រំខាន​ដល់​ការ​ដេក​ពូន​នេះ លោក​​ថា ធម្មតា​អ្នក​សិល្បៈ​ដូច​ជា​លោក ធ្វើ​ការ​យប់ៗ​​ជ្រៅ​ណាស់ ចេញ​ពី​ផ្ទះ​ម៉ោង​៣ឬ៤ ​ព្រឹក ចូល​ផ្ទះ​វិញ ម៉ោង​១ឬ២ យប់ គួប​ផ្សំ​រថយន្ត ដែល​លោក​ប្រើប្រាស់​នោះ សំឡេង លឺៗ​មក​ពី​នាយ​ផង ធ្វើ​ឲ្យ​មាន​ការ​រំខាន​បែប​នេះ លោក ឈប់​ឲ្យ​មាន​ការ​រំខាន​បែប​នេះ​ទៀត​ហើយ។

ករណី​ទី៣ (ធ្វើ​រោង​ឲ្យ​ជាង​ធ្វើ​​គ្រឿង​ឈើ​ផ្លូវ )

ត្រង់​ចំណុច​នេះ លោក​ព្រាប សុវត្ថិ ក៏​បាន​យល់​ព្រម តាម​ការ​ស្នើសុំ​ពី​ប្រជាពលរដ្ឋ​ដូច​គ្នា កំពូល​តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ បាន​​លើក​ឡើង​ថា ការ​ដែល​លោក​សុំ​ឲ្យ​ជាង​ឈើ​ធ្វើ រោង​លើ​ផ្លូវ​ជា​បណ្ដោះអាសន្ន​នេះ ខ្លួន​បាន​ស្នើ​ទៅ​អាជ្ញាធរ ហើយ​អាជ្ញាធរ ក៏​បាន​​យល់​ព្រម​ឲ្យ​ធ្វើ ទើប​លោក​ឲ្យ​​ជាង​ធ្វើ។ ការ​ធ្វើ​នោះ​ទៀតសោត លោក​​ធ្វើ​តែ​មួយ​រយៈ ដើម្បី​យក​គ្រឿង​ឈើ​ទាំង​នោះ ​ដាក់​នៅ​ហាង ​ដែល​គ្រោង​បើក​ជាប់​នោះ ក្រោយ​បញ្ចប់ នឹង​សម្អាត​ឲ្យ​ស្អាត​​ល្អ មិន​មាន​ចេតនា បិត​ផ្លូវ​ឡើយ។ ក្នុង​នោះ​ដែរ គួបផ្សំ​ជាង ធ្វើ​មាន​ការ​ធ្វេសប្រហែស​ផង ទើប​ឲ្យ​មាន​ការ​រញ៉េរញ៉ៃ​បែប​នេះ។

ករណី​ទី៤ (ស្លឹក​ឈើ​ជ្រុះ​ចូល​ផ្ទះ​គេ​ជិត​ខាង )

ចំណុច​នេះ លោក​ព្រម សូម​ឲ្យ​មាន​ការ​អធ្យាស្រ័យ លោក​នឹង​កាត់​មែក​​ឈើ​នោះ​ចេញ ។

ករណី​ទី៥ រឿង​ធ្វើ​​របង​ចូល​ផ្លូវ​សាធារណៈ រឿង​មួយ​នេះ មិន​ទាន់​បាន​ដោះ​ស្រាយ​​ចប់​នៅ​ឡើយ​ទេ​

ចំណុច​ក្ដៅ​មួយ​នេះ អ្នក​ភូមិ​បាន​ចោទ​លោក ព្រាប សុវត្ថិ​ថា បាន​ធ្វើ​របង​ចូល​ផ្លូវ​សាធារណៈ ដែល​​ផ្លូវ​​នោះ​តាម​ប្លង់​គោល​ភូមិ​បាល​មាន​​រហូត​ដល់​ទៅ​​ទទឹង​១០ម៉ែត្រ ខណៈ​ដែល​ផ្លូវ​បច្ចុប្បន្ន​មាន​ត្រឹម​តែ​៧ម៉ែត្រ​ប៉ុណ្ណោះ។ ត្រង់​ចំណុច​នេះ លោក ព្រាប សុវត្ថិ​ថា លោក​មិន​បាន​ធ្វើ​ផ្លូវ​រំលោភ​លើ​ផ្លូវ​សាធារណៈ​ដូច​អ្នក​ភូមិ​ចោទ​ប្រកាន់​ឡើយ លោក​មាន​​តែ​​កាត់​ដី​ខ្លួន​អស់​១ម៉ែត្រ ធ្វើ​ផ្លូវ​ថែម​ទៀត​ផង។ ដី​នោះ​ដំបូង​ឡើយ​គឺ​ជា​ស្រះ​ទឹក ដែល​អ្នក​ភូមិ​បាន​លក់​ឲ្យ តារា​ចម្រៀង ល្បី​ឈ្លោះ​រូប​នេះ។

អ្នក​ភូមិ សំណូមពរ​ឲ្យ​ធ្វើ​ផ្លូវ​នោះ ឲ្យ​បាន​ទទឹង​១០​ម៉ែត្រ តាម​ប្លង់​ដែល ភូមិបាល​​កាត់​ឲ្យ។ តាម​ការ​បញ្ជាក់​របស់​អ្នក​ភូមិ ភូមិបាល ដែល​បាន​ចុះ​មក​​ជួប​ប្រជាជន​នៅ​ក្នុង​ថ្ងៃ​នោះ​ដែរ បាន​ប្រាប់​ថា ឲ្យ​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ផ្លូវ​ដែល​មាន​ស្រាប់​សិន​ទៅ នៅ​សល់​៣​ម៉ែត្រ​ដែល​បាត់​នោះ ចាំ​ដោះ​ស្រាយ តាម​ក្រោយ។

ទទឹម​នឹង​ការ​ទល់​មុខ​គ្នា​ដោះ​ស្រាយ​នោះ មាន​អ្នក​ភូមិ​ម្នាក់​ឈ្មោះ លោក ព្រំ នាង វ័យ​​​ជាង​៤០ឆ្នាំ បាន​ចោទ​ប្រកាន់​ លោក ព្រាប សុវត្ថិ ធ្លាប់​ឈ្លោះ​ជា​មួយ​​គាត់ រឿង​កូន​ស្រី របស់​គាត់​ថត​ឡាន លោក ព្រាប សុវត្ថិ ដោយ​និយាយ​ថា បើ​ខ្លាំង​វាស់​ដី​បាញ់​គ្នា​តែ​ម្ដង​ទៅ។ ត្រង់​ចំណុច​ដែល លោក ព្រំ នាង ចោទ​ប្រកាន់​នេះ កំពូល​តារា​ចម្រៀង​​លោក ព្រាប សុវត្ថិ បាន​បដិសេចក្ដី​ថា ខ្លួន​មិន​ធ្លាប់​បាន​និយាយ​ដូច ការ​ចោទ​​ប្រកាន់​នោះ​ឡើយ។ លោក ព្រាប សុវត្ថិ ថ្លែង​ថា លោក​នឹង ប្ដឹង បុរស​នោះ​តាម​ផ្លូវ​ច្បាប់ ដែល​មក​បង្កាច់បង្ខូច​ឈ្មោះ​របស់​ខ្លួន​បែប​នេះ។

ជុំ​វិញ​ការ​គម្រោង​ប្ដឹង ពី​​សំណាក់​លោក​ព្រាប សុវត្ថិ ទៅ​អ្នក​ភូមិ ទល់​មុខ​ផ្ទះ​គ្នា​នោះ បុរស​ម្នាក់​នោះ មិន​ខ្លាច​​ការ​ប្ដឹង​​នោះ​ឡើយ ដោយ​លោក​ថ្លែង​បែប​នេះ​​ថា សំដី​លោក​ព្រាប សុវត្ថិ និយាយ​នោះ ខ្លួន​មាន​ទាំង​សាក្សី ភស្តុតាង មាន​​រូប​ថត ត្រៀម​តតាំង​ថែម​ទៀត​ផង។

ជុំ​វិញ​ជម្លោះ​នេះ តារា​ចម្រៀង លោក ព្រាប សុវត្ថិ លើក​ឡើង​ទាំង អួល​ដើម​ករ​ថា ប្រជាពលរដ្ឋ​ដែល​នាំ​លោក​មក​ប្ដឹង​នោះ មិនគួរណាជា​ធ្វើ បែប​នេះ​ឡើយ មាន​រឿង​អី​អាច និយាយ​ជា​មួយ​លោក​ថា។ កិត្តិយស​ដែល​លោក​ចំ​សាង​មក ជា​ច្រើន​ឆ្នាំ មិន​ធ្លាប់​មាន​​រឿង​ស្រូវ​សោះ បែរ​ជា ត្រូវ​មនុស្ស​រាប់​ម៉ឺន​រាប​សែន​​នាក់ ជេរ​លោក ​ពេក​ប្រទេស ហើយ​​ជំនួញ​ពាក្យ​សុំ​ទោស គឺ​ជា​រឿង​មួយ ពិបាក​ទទួល​ណាស់។ អ្នក​ភូមិ​ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​​​​ពួក​គាត់​ធ្វើ​បែប​នេះ ករណី​នេះ អ្នក​ភូមិ​បាន​ប្ដឹង​ទៅ អាជ្ញាធរ ជិត​១ឆ្នាំ​មក​ហើយ ​​តែ​គ្មាន​ដំណោះ​​ស្រាយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ជម្លោះ​នោះ ស្ថិត​ក្នុង ភូមិ​ច្រេស សង្កាត់​ គោក​ឃ្លាំង ​ខណ្ឌ​ សែនសុខ រាជធានី​ភ្នំពេញ៕

រូបភាព៖ Sabay

ករណី​អ្នក​ភូមិ​៧០​គ្រួសារ  លើក​គ្នា​ប្ដឹង តារា​ចម្រៀង ព្រាប សុវត្ថិ ចេញលទ្ធិផល
200 Shares