ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បានប្រមាណ ៧៧%ហើយ

សង្គម​និង​សេដ្ឋកិច្ច

ផ្លូវក្រវាត់ក្រុងទី៣ ជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយសម្រួលការដឹកទំនិញ ដែលបានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ គិតមកត្រឹមខែតុលា ឆ្នាំ២០២២នេះ សម្រេចបានប្រមាណចំនួន ៧៧% ហើយ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែតុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ដែលបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ប្រមាណ ២៦៧,៦៧ លានដុល្លារអាមេរិក។

សូមជម្រាបថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ទី៣នេះ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារ នីហរ័ណអាហរ័ណចិន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមាននាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា៕