សណ្ឋាគារ សែន ហាន (Sen Han Hotel) ជាសណ្ឋាគារលំដាប់ផ្កាយ៤មួយ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកក់ II ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ម្ចាស់សណ្ឋាគារមួយនេះ គឺលោកជំទាវឧកញ៉ា អ៊ាន អេឡែន។
លោកជំទាវ ឧកញ៉ា អ៊ាន អេឡែន ជាពាណិជ្ជករឆ្នើមមួយរូប ដែលបានវិនិយោគលើពហុវិស័យ។ លោកស្រី បានទទួលងារជា «ឧកញ៉ា» កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៨។ រីឯស្វាមីរបស់លោកជំទាវ គឺ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹន សារ៉ាន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។ ក្រៅពីនាយិកាសណ្ឋាគារ សែន ហាន លោកជំទាវ ឧកញ៉ា អ៊ាន អេឡែន ក៏ត្រូវបានគេដឹងថា ជាម្ចាស់គម្រោងអចលនទ្រព្យដ៏ធំមួយ គឺ គម្រោងផ្ទះអាជីវកម្ម និងដីឡូតិ៍តាមោក ស៊ីធីលែន ដែលទើបបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ផងដែរ។
សូមជម្រាបជូនថា សណ្ឋាគារ សែន ហាន មានទីតាំងនៅដីឡូត៍លេខ៩៨ ផ្លូវ៦០០កែងផ្លូវ៣១៣ សង្កាត់បឹងកក់ II ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សណ្ឋាគារនេះ មានចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីទន្លេមេគង្គ និង ១គីឡូម៉ែត្រពីផ្សារសាមគ្គី។ សណ្ឋាគារ សែន ហាន មានភោជនីយដ្ឋាន អាហារបែបអាស៊ី និងអឺរ៉ុប មានអាងហែលទឹកនៅខាងក្រៅ មានកន្លែងហាត់ប្រាណ ស្ប៉ា ព្រមទាំងមាន Sky Bar នៅជាន់ទី១០៕