ក្នុងរយៈពេលប្រមាណ មួយទសវត្សរ៍ គិតចាប់ពីឆ្នាំ២០១២ មកដល់ឆ្នាំ២០២២នេះ បុរី ភ្នំពេញថ្មី របស់ឧកញ៉ា ប៊ុន ហៃ បានពង្រីកវិសាលភាពររហូតដល់ទៅ ១៤កន្លែងហើយ និងសរុបទាំងអស់ប្រមាណ ១៥គម្រោង។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន បុរី ភ្នំពេញថ្មី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញឱ្យដឹងថា មកទល់ឆ្នាំ២០២២នេះ បុរី ភ្នំពេញថ្មី មាន ១៤ទីតាំងធំៗ ក្នុងនោះដូចជា៖ បុរី ភ្នំពេញថ្មី សែនសុខ, បុរី ភ្នំពេញថ្មី ទឹកថ្លា (២០១២), បុរី ភ្នំពេញថ្មី ណតប្រ៊ីត (២០១៣), បុរី ភ្នំពេញថ្មី ផាកសុីធី (២០១៤), បុរី ភ្នំពេញថ្មី រីជេនថ៍ផាក (២០១៥), បុរី ភ្នំពេញថ្មី លែន, បុរី ភ្នំពេញថ្មី ដឹកហាម៉ូនីវីល្ល (២០១៦), បុរី ភ្នំពេញថ្មី គ្រីស្តាល់ផាក (២០១៧-២០១៨), បុរី ភ្នំពេញថ្មី ដាយមិនផាក, បុរី ភ្នំពេញថ្មី អេលីតផាក ១ (២០១៩), បុរី ភ្នំពេញថ្មី អេលីតផាក ២ និងអេលីតផាក ៣ (២០២០), បុរី ភ្នំពេញថ្មី រ៉េឌានផាក និង បុរី ភ្នំពេញថ្មី តាខ្មៅ សិនត្រល់ផាក (២០២១)។
យ៉ាងណាមិញ សម្រាប់ បុរី ភ្នំពេញថ្មី តាខ្មៅ សិនត្រល់ផាក ដែលជាទីតាំងទី១៤ និងជាគម្រោងទី១៥ ចុងក្រោយគេគឺបានបើកលក់ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។ គម្រោងនេះ ស្ថិតនៅលើដងផ្លូវធំទូលាយ កណ្ដាលក្រុងតាខ្មៅ មានចម្ងាយ ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលតាខ្មៅ និង ១,៤គីឡូម៉ែត្រ ពីស្ពានព្រែកសំរោង មានទំហំដីសរុប ៥១,២៤៣ ម៉ែត្រការ៉េ។
សូមជម្រាបជូនថា ឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមហ៊ុន បុរីភ្នំពេញថ្មី បច្ចុប្បន្នក៏មានតួនាទីជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរ។ តាមរយៈការអភិវឌ្ឍវិស័យលំនៅឋានរាប់ម៉ឺនខ្នងនៅរាជធានីភ្នំពេញ លោកឧកញ៉ា បានរួមចំណែកយ៉ាងច្រើនក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ លើសពីនេះ លោកឧកញ៉ា ក៏តែងតែបរិច្ចាគថវិកាជាច្រើន ជូនរាជរដ្ឋាភិបាល ដើម្បីបម្រើឱ្យការងារសប្បុរសធម៌ផ្សេងៗ៕