ប្រធានាធិបតី ហ្ស៊ែលឡិនស្គី អញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅអ៊ុយក្រែន

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែននាពេលវេលាសម្របណាមួយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលជំនួបតាមទូរសព្ទរវាងមេដឹកនាំនៃប្រទេសទាំងពីរ នារសៀលថ្ងៃទី០១ ខែវិច្ឆិកាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តបតាមការអញ្ជើញពីប្រធានាធិបតីអ៊ុយក្រែន នៅក្នុងឱកាសជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឆ្លើយតបឯកភាពយល់ព្រមតាមសេចក្តីអញ្ជើញ នឹងរកពេលវេលាសមស្របទៅបំពេញទស្សនកិច្ចផ្លូវការ។

បើតាមក្រសួងការបរទេសកម្ពុជា ពាក់ព័ន្ធនឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យតែងតាំង និងផ្លាស់ប្តូរឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។ ជាការឆ្លើយតប លោក ឡូឌីមៀ ហ្ស៊ែលឡិនស្គី បានឯកភាពចំពោះការតែងតាំងផ្លាស់ប្ដូរឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។

បន្ថែមទៀតនោះ កម្ពុជា និងសហការជាមួយប្រទេសជប៉ុន ត្រៀមខ្លួនរួចជាស្រេចបញ្ជូនអ្នកដោះមីនរបស់កម្ពុជាទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្របផងដែរ។

គួររម្លឹកបន្តិចថា កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញទៅបំពេញទស្សននៅប្រទេសអ៊ុយក្រែនម្តងរួចមកហើយ កាលនៅកំឡុងឆ្នាំ ១៩៨១៕