សណ្ឋាគារលំដាប់ផ្កាយ៥ Rosewood Phnom Penh ដែលកាន់កាប់ ១៤ជាន់កំពូល នៃអគារវឌ្ឍន: (Vattanac Capital Tower) របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺជាសណ្ឋាគារមួយ ដែលគេទទួលស្គាល់ថា ជាសណ្ឋាគារដ៏ប្រណិតបំផុតមួយនៅប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តើសណ្ឋាគារនេះ មានលក្ខណៈពិសេសអ្វីខ្លះ?
បើតាមលោក Daniel Grau នាយកគ្រប់គ្រងសណ្ឋាគារ Rosewood Phnom Penh ធ្លាប់បានថ្លែងក្នុងសន្និសីទសារព័ត៌មានឱ្យដឹងថា សណ្ឋាគារលំដាប់ផ្កាយ៥នេះ ជាសណ្ឋាគារប្រណីតដំបូងគេនៅភ្នំពេញ ដែលយកចំណែកខាងលើ នៃអគារវឌ្ឍន:មកវិនិយោគ ហើយសណ្ឋាគារនេះ ទើបតែមានពីរកន្លែង ប៉ុណ្ណោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមួយនៅ ទីក្រុងប៉េកាំង និងមួយទៀតនៅកម្ពុជា។ ការរចនារបស់សណ្ឋាគារ គឺរួមបញ្ចូលគ្នាបែបសហសម័យ ដោយគោរពរចនាបទតាមបែបវប្បធម៌ខ្មែរ ទាំងសម័យបុរាណ លាយឡំសម័យទំនើប។
Rosewood Phnom Penh ត្រូវបានគេទទួលស្គាល់ជាសណ្ឋាគារដ៏ល្អបំផុតមួយ ពីទស្សនាវដ្តី និងស្ថាប័នល្បីៗកម្រិតពិភពលោក។ ជាក់ស្តែង នៅឆ្នាំ២០២២នេះ សណ្ឋាគារ Rosewood Phnom Penh បានឈ្នះពានរង្វាន់ចំនួន៤ គឺ ១)សណ្ឋាគារលំដាប់កំពូលទាំង១០ នៅអាស៊ីអាគ្នេយ៍ (ទស្សនាវដ្តីអាមេរិក Condé Nast Traveler), ២)ភោជនីយដ្ឋានល្អបំផុតលំដាប់លេខ១នៅកម្ពុជា (ទស្សនាវដ្តីអាមេរិក TRAVEL + LEISURE), ៣)សណ្ឋាគារល្អបំផុតនៅក្នុងទីក្រុងលំដាប់លេខ២នៅកម្ពុជា (ទស្សនាវដ្តីអាមេរិក TRAVEL + LEISURE) និង ៤)សណ្ឋាគារជាទីពេញចិត្តរបស់អ្នកចាត់ការទូទៅ ចំណាត់ថ្នាក់លេខ១នៅកម្ពុជា (ទស្សនាវដ្តីអាមេរិក TRAVEL + LEISURE) ផងដែរ។
រីឯចំណុចពិសេស របស់សណ្ឋាគារលំដាប់ផ្កាយ៥ ដ៏មានសក្តានុពលលើសគេទៀតនោះគឺ ទឹកអប់ និងសាប៊ូ សម្រាប់លាងសំអាតរាងកាយ ត្រូវបានផលិតដោយយកចេញពីរុក្ខជាតិ ផ្កា និងភាពល្អឯកនៃធនធានធម្មជាតិរបស់ប្រទេស ដែលបានបោះទុនវិនិយោគ។ សណ្ឋាគារ Rosewood បានជ្រើសរើសយកអ្នកផលិតទឹកអប់ល្បីឈ្មោះបំផុតពីប្រទេសបារាំង ដើម្បីមកផលិតទឹកអប់សំរាប់ប្រើប្រាស់ក្នុងសណ្ឋាគារនេះ។ អ្នកផលិតទឹកអប់ បានជ្រើសរើសយកផ្កាព្រៃ នៅឧទ្យានជាតិកុសុមៈគិរីរម្យ និងឧទ្យានជាតិវីរៈជ័យ នៅខេត្តរតនៈគិរី ដើម្បីយកមកផលិតទឹកអប់សំរាប់ដាក់ប្រើប្រាស់ជាប្រចាំក្នុងសណ្ឋាគារនេះ។
សូមជម្រាបជូនថា ម៉ាកយីហោ Rosewood ត្រូវបានបង្កើតឡើងដោយលោកស្រី Caroline Rose Hunt ដែលជាជនជាតិអាមេរិក នៅក្រុង Dallas រដ្ឋតិចសាស ក្នុងឆ្នាំ១៩៧៩។ ក្រោយមក នៅឆ្នាំ២០១១ ក្រុមហ៊ុនអាមេរិកមួយនេះ បានលក់ទៅឱ្យក្រុមហ៊ុនបដិសណ្ឋារកិច្ច Rosewood Hotel Group ដែលមានមូលដ្ឋាននៅក្រុងហុងកុង ក្នុងតម្លៃ ២២៩លានដុល្លារ រួមជាមួយសណ្ឋាគារ ៥ទីតាំងទៀត ដែលលក់ក្នុងតម្លៃ ៥៧០លានដុល្លារ។ បច្ចុប្បន្នក្រុមហ៊ុនសណ្ឋាគារ និងរីហ្សតប្រណីតអន្តរជាតិមួយនេះ កំពុងប្រតិបត្តិការសណ្ឋាគារជិត ៣០កន្លែង នៅក្នុង១៦ប្រទេស ទូទាំងពិភពលោក។
គួរបញ្ជាក់ថា សណ្ឋាគារ Rosewood Phnom Penh ឋិតនៅចាប់ពីជាន់ទី ២៥ ដល់ជាន់ទី ៣៩ នៃអគារវឌ្ឍនៈ ដែលមានទីតាំងស្ថិតនៅទល់មុខ ស្ថានីយរថភ្លើងភ្នំពេញ តាមបណ្តោយ មហាវិថីព្រះមុនីវង្ស បានបើកដំណើរការជាផ្លូវការ កាលដើមឆ្នាំ២០១៨ ដោយមានបន្ទប់ស្នាក់នៅចំនួន ១៧៥បន្ទប់ សាលប្រជុំ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត ស្កាយបារ មជ្ឈមណ្ឌលហាត់ប្រាណ បន្ទប់ស្ប៉ា អាងហែលទឹក ជាដើម។ សណ្ឋាគារនេះ មានកម្ពស់ផុតពីផ្ទៃដី ១៨៨ម៉ែត្រ និងជាសំណង់ស្ថាបត្យកម្មថ្មី ដ៏ល្បីល្បាញនៅក្នុងរាជធានី និងជានិមិត្តរូប នៃប្រទេសកម្ពុជានាសម័យទំនើប៕