ឧកញ៉ា ស្រី ចាន់ថន គ្រោង​បោះទុនបង្កើតរោងចក្រផលិតម៉ាស​និងទឹកលាងដៃចែកជូន​ពលរដ្ឋ..

ជុំវិញ​ឧកញ៉ា
344 Shares

ដូចដែលប្រិយមិត្ដមួយចំនួន បានទទួលជ្រាបខ្លះរួចមកហើយ ដែលកាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក តាំង គីមសួរ បានប្រកាសស្វែងរកអ្នកណាដែលមានសមត្ថភាពអាចស្វែងរកវត្ថុធាតុដើម និងម៉ាសុីន ដើម្បីផលិតម៉ាស មេត្ដាជួយទាក់ទងមកកាន់គាត់ឱ្យបានឆាប់រហ័ស ក្នុងគោលបំណងផលិតឱ្យបានទាន់ពេលវេលា សម្រាប់ចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ក្នុងនោះដែរ លោក តាំង គីមសួរ បានសរសេរប្រាប់ឱ្យដឹងថា៖”ប្រកាសរកអ្នកដែលមានសមត្ថភាពដើម្បីជួបគ្នាពិភាក្សារឿងធ្វើយ៉ាងណាផលិតវត្ថុធាតុដើមនេះ កាន់តែឆាប់កាន់តែល្អ ចិនយួនអាចផលិតបាន រឿងអីខ្មែរធ្វើមិនបាន។ តាមពិតទៅ២០២០នេះ ខ្ញុំត្រូវផ្តោតសំខាន់និងយកចិត្តទុកដាក់ទៅលើការអភិរក្ស និងដាំកូនឈើទេ តែកាលៈទេសៈ បញ្ហានេះសំខាន់ជាង ដូចនេះហើយត្រូវតែរួមគ្នាគិតគូរអំពីបញ្ហានេះជាចំបងអ្នកណាជួយបានអី ជួយហ្នឹងទៅ កុំរំពឹងតែរដ្ឋាភិបាលមួយមុខពេក ពួកគាត់មានកាតព្វកិច្ចជាច្រើនដែលត្រូវធ្វើ”។

យ៉ាងណាមិញ ក្រោយការប្រកាសរបស់លោក តាំង គីមសួរ មិនបានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែមុននេះបន្ដិច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោក តាំង គីមសួរ បានប្រកាសដំណឹងដ៏រំភើបចិត្ដជាទីបំផុត ព្រោះតែលោកឧកញ៉ា ស្រី ចាន់ថន និងចូលរួមក្នុងសកម្មភាពនេះ ដោយលោកឧកញ៉ា និងបង្កើតរោងចក្រ ផលិតម៉ាស និងទឹកអាកុលលាងដៃ ជូនទៅដល់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលដ៏លំបាកមួយនេះ។

ក្នុងនោះដែរ លោក តាំង គីមសួរ បានសរសេរប្រាប់ឱ្យដឹងថា៖”អ្វីដែលខ្ញុំរំពឹងទុកគឺបានកើតឡើងហើយ បងប្អូនយើងមិនទុកឲ្យខ្ញុំធ្វើតែឯងទេ។ វត្តមានរបស់វិរជនតែងតែលេចឡើង រាល់ពេលដែលជនរួមជាតិជួបប្រទះនូវបញ្ហា។ នេះជាដំណឹងដ៏អស្ចារ្យមួយដែលខ្ញុំទើបតែទទួលបានពីវិរបងប្រុស Srey Chanthorn ខ្ញុំជឿជាក់ថា ក្រោយពីទទួលបានដំណឹងនេះ ពុកម៉ែបងប្អូនទាំងអស់គ្នានឹងមានអារម្មណ៍រំភើបដូចខ្ញុំអ៉ីចឹង។តាមពិតទៅ បងប្រុសកំពុងតែបំពេញបេសកកម្មនៅសហរដ្ឋអាមេរិកយ៉ាងមមាញឹកបំផុត រវល់ស្ទើតែដកឃ្លាមិនរួច តែបងប្រុសមិនអាចអោបដៃឈរមើលប្រជាជនយើងជួបប្រទះបញ្ហាផ្នែកហិរញ្ញវត្ថុដោយសារតែម៉ាសនិងទឹកលាងដៃឡើងថ្លៃជាខ្លាំងដោយមិនមានការអើពើនោះទេ ដូចនេះហើយបងប្រុសគ្រោងនឹងបោះទុនប្រហែលជា ៣០០,០០០ដុល្លារដើម្បីបង្កើតរោងចក្រផលិតម៉ាសនិងទឹកលាងដៃចែកជូនជនរួមជាតិទាំងអស់ដោយមិនគិតថ្លៃនិងក្នុងតម្លៃដ៏ទាបបំផុតនៅក្នុងស្រុកតែម្តង។

តែអ្វីដែលជាក្តីបារម្ភខ្លាំងបំផុតនោះគឺតម្លៃនៃផលិតផលសម្រេចក្នុងស្រុកអាចនិងថ្លៃជាងផលិតផលនាំចូល ព្រោះថាសូម្បីតែវត្ថុធាតុដើមក៏ថ្លៃកប់ពពកផងដែរ ហើយក្រោយពេលបញ្ហាជំងឺ កូវីឌ-១៩ ស្ងប់ស្ងាត់ ពួកយើងពិបាកក្នុងការប្រកួតប្រជែងនឹងទីផ្សារនាំចូល។ ដូចនេះហើយសូមប្អូនៗ បងៗដែលមានបទពិសោធន៍ក្នុងការរៀបចំផែនការថវិកាចូលរួមជាមួយពួកយើងផង។ មួយទៀត ចំពោះម៉ាសនិងទឹកលាងដៃដែលខ្ញុំកំពុងតែមានផែនការចែកជូនពុកម៉ែបងប្អូនដោយមិនគិតថ្លៃនោះ បងប្រុសនឹងទទួលរ៉ាប់រងទៅលើការចំណាយទាំងអស់ ហើយនឹងជំរុញពន្លឿនបន្ថែមចំពោះចង្វាក់ផលិតកម្មនេះ។ បងប្រុសពិតជាមនុស្សដ៏មហាសប្បុរស សូមទទួលសេចក្តីគោរពពីប្អូនផង”។

ប្រភព៖ khosja.com

ឧកញ៉ា ស្រី ចាន់ថន គ្រោង​បោះទុនបង្កើតរោងចក្រផលិតម៉ាស​និងទឹកលាងដៃចែកជូន​ពលរដ្ឋ..
344 Shares