អ្នកនាំពា​ក្យ៖ ​បុរសជ​ន​ជាតិ​អង់​គ្លេស​ ដែ​ល​បាន​គេច​ខ្លួន​ពី​​មន្ទីរ​ពេទ្យរូ​ស្ស៊ី រក​ឃើ​ញ​ហើយ

ទាន់​ហេតុការណ៍
65 Shares

បុរសជនជាតិអង់គ្លេសអាយុ ៣២ឆ្នាំ ដែលបានគេចចេញពីមន្ទីរពេទ្យមិត្តភាព​ខ្មែរសូ​វៀត ត្រូវបានរកឃើញនៅខេត្តកំពត នេះបើតាមការឱ្យដឹងពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។

លោកជំទាវបានរម្លឹកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងថា ករណីជន​ជាតិអង់គ្លេសដែលជាអ្នកទេសចរម្នាក់ មានអាយុ៣២ឆ្នាំ បានទៅទស្សនាសារមន្ទីរនេះ ប៉ុន្តែដោយអនុវត្តតាមវិធានការការពារវីរុសកូវីដ-១៩ ក្រុមមន្ត្រីប្រចាំ​ការនៅ​សារមន្ទីរ​បាន​វាស់កម្តៅគ្រប់អ្នកទេសចរទាំងអស់ ដែលចូលទស្សនាសារមន្ទីរ ហើយបា​នរ​កឃើញបុរសរូបនេះ មានកម្ដៅ៣៨អង្សារសេ ដោយពុំមានសញ្ញាអ្វីផ្សេងក្រៅពីនេះទេ ហើយក្រុមមន្ត្រីប្រចាំការក៏បានជូនព័ត៌មាននេះមកក្រសួងសុខាភិបាលតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាម ក្រុមការងារឆ្លើយតប​បន្ទាន់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានចុះទៅជួបបុរសរូបនេះដោយផ្ទាល់ ហើយបាននាំគាត់មកកាន់មន្ទីរពេទ្យ ប៉ុន្តែបុរសរូបនេះហាក់បង្ហាញ​នូវការមិន​ចង់សហ​ការក្នុងការត្រួតពិនិត្យសុខភាព ឬក៏ធ្វើតេស្តរ​កមេរោគកូវីដ-១៩នោះទេ។

លោកជំទាវបានបន្តថា៖ “បើទោះជាបុរសរូបនេះ បានយល់ព្រមទៅមន្ទីរពេទ្យមិត្តភាព​ខ្មែរសូវៀតក៏ដោយ ក៏បុរសរូបនេះ បានឆ្លៀតឱកាស នៅពេលដែលក្រុមគ្រូពេ​ទ្យ​មិត្តភាព​ខ្មែរសូវៀតកំពុងផ្លាស់ប្តូរសម្លៀកបំពាក់សុវត្ថិភាព និងរៀបចំបែបបទ ព្រម​ទាំងសម្ភារបច្ចេកទេសផ្សេងៗ ដើម្បីយកវត្ថុសំណាក បុរសរូបនេះក៏បាន​គេចខ្លួនបាត់​ទៅ។

បន្ទាប់ពីនេះក្រុមគ្រូពេទ្យក៏បានជូនដំណឹងដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីតាមស្វែងរកបុរសរូបនេះ ហើយក៏បានរកឃើញគាត់នៅខេត្តកំពត នារំលងអាធ្រាត ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ ក្រោមកិច្ចសម្របសម្រួល បុរសរូបនេះក៏យល់ព្រមឱ្យយក​វត្ថុសំ​ណាករបស់គាត់ យកមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រុមគ្រូពេ​ទ្យនៃម​ន្ទីរសុខាភិបាលខេត្តកំពត ក៏បានយកគាត់ទៅដាក់នៅបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេ​ទ្យបង្អែកខេត្ត ដើម្បីតាមដានសុខភាព និងរងចាំលទ្ធភាពនៃការវិភាគវត្ថុសំណាក។”

ចំណែកករណីស្រដៀងគ្នានេះដែរ គឺកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មានបុរសជន​ជាតិចិនម្នាក់ ដែលមានបំណងចូលទស្សនាសារ​មន្ទីរឧក្រិដ្ឋកម្មប្រល័យពូជ​សាសន៍ទួល​ស្លែង មានកម្តៅលើសពី៣៨អង្សារសេ ប៉ុន្តែពុំមានរោគសញ្ញាអ្វីក្រៅពីនេះទេ។ បន្ទាប់ពីទទួលដំណឹងនេះភ្លាម ក្រុមការងារឆ្លើយតបបន្ទាន់នៃក្រសួងសុខាភិបាលក៏​បានទៅនាំគាត់មកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីអនុវត្តវិធាន​ការត្រួតពិនិត្យ​សុខភាព និងយកវត្ថុសំណាកមកធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ ហើយ​មកទល់​ពេលនេះបុរសរូបនេះកំពុងត្រូវបាន​ដាក់ឱ្យនៅដោយឡែក​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត និងរងចាំលទ្ធភាពនៃការវិភាគវត្ថុសំណាក។

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថាករណីទាំងពីរខាងលើនេះ គឺពុំមានទាក់ទងនឹង​នាវា ​Viking Cruise Journey ដែលកំពុងឈប់សំចតនៅខេត្តកំពង់ចាមនោះទេ។ AKP

65 Shares