នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិនិត្យប្លង់គោលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ផងដែរ តាមរយៈប្រព័ន្ធអនឡាញ។
ចក្ខុវិស័យដល់ឆ្នាំ២០៣៨ នៃប្លង់គោលប្រើប្រាស់ដីកោះរ៉ុង គឺសំដៅរៀបចំ និងអភិវឌ្ឍ “កោះរ៉ុង ជារមណីយដ្ឋានឧទ្យានជាតិសមុទ្រ ដែលស្អាតបំផុតលើសកលលោក ដោយផ្អែកលើសក្តានុពលសមុទ្រ កោះ ទឹកសមុទ្រ ពណ៌ខៀវ ឆ្នេរខ្សាច់ស ឧទ្យានសមុទ្រ ឧទ្យានកោងកាង ព្រៃឈើ ទឹកធ្លាក់ ព្រែក អូរ ពយ ភ្នំ និងទេសភាពធម្មជាតិល្អពិសិដ្ឋ” តាមរយៈការជំរុញ៖
១. ការពារនិងអភិរក្សសមុទ្រ កោះ ទឹកសមុទ្រពណ៌ខៀវ ឆ្នេរខ្សាច់ស ឧទ្យានសមុទ្រ ឧទ្យានកោងកាង ព្រៃឈើ ទឹកធ្លាក់ ព្រែក អូរ ពយ ភ្នំ និងទេសភាពធម្មជាតិល្អពិសិដ្ឋ ប្រកបដោយចីរភាព និងសោភណភាព។
២. រៀបចំ និងអភិវឌ្ឍតំបន់នគរូបនីយកម្មធម្មជាតិប្រណីត ប្រកបដោយហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារនិងសេវាកម្មបៃតងប្រណីត។
៣. រៀបចំរមណីយដ្ឋានឧទ្យានជាតិសមុទ្រ ដែលស្អាតបំផុតលើសកលលោក។
៤. ជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ អភិវឌ្ឍធុរកិច្ច ការវិនិយោគសាធារណៈនិងឯកជន ប្រកបដោយភាពទាក់ទាញ ឧត្តមភាពប្រកួតប្រជែងខ្ពស់ និងការឆ្លើយតបបានល្អប្រសើរ។
សូមជម្រាបជូនថា កោះរ៉ុង មានផ្ទៃក្រឡាប្រមាណ ៧៨គីឡូម៉ែត្រក្រឡា ជាកោះធម្មជាតិដែលមានទំហំធំជាងគេលំដាប់ទីពីរនៅក្នុងប្រទេសកម្ពុជា មានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។
កោះរ៉ុង ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសម្បទានទៅឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក សហការជាមួយក្រុមហ៊ុនបរទេសធ្វើការវិនិយោគ កាលពីឆ្នាំ២០០៨ គឺក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប របស់ចិន ដោយប្រើប្រាស់ទុនចំនួន ២ ពាន់លានយ័ន ឬ ប្រមាណជាង ២៨៥ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ និងរមណីយដ្ឋាននៅលើកោះរ៉ុង ក្នុងខេត្តព្រះសីហនុ។ នៅក្នុងគម្រោងអភិវឌ្ឍកោះរ៉ុង ក្រុមហ៊ុនក៏គ្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ កាស៊ីណូ និងសណ្ឋាគារព្រមទាំងរោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនិងអនុភាព 3MW ផងដែរ៕