ក្រសួងសុខា​ភិបាលបន្ថែម​អគារថែ​ទាំព្យា​បា​ល​អ្នកជំងឺ COVID-19 ចំ​ណុះ​១​០០​គ្រែ

សង្គម​និង​សេដ្ឋកិច្ច
9 Shares

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដ១៩ ដែលមានចំណុះ១០០គ្រែ មានទីតាំងស្ថិតនៅអតីតមណ្ឌលសុខភាពចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២​០២០ បានឱ្យដឹងថា ការសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដនេះ បន្ទាប់ពី​ក្រសួងបានពិនិត្យឃើញថា មានការកើនឡើងនៃអ្នក​ស្នើសុំពិនិត្យធ្វើតេ​ស្តរកជំងឺ​កូវីដ១៩នេះ។

ក្រៅពីទីតាំងទើបបន្ថែមថ្មីនេះ ក្រសួងសុខាភិបាល បានរៀបចំកន្លែងថែទាំ និងព្យា​បាលអ្នកជំងឺកូវីដ១៩ នៅទីតាំងជាច្រើនមានដូចជានៅមន្ទីរពេ​ទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប និងនៅមន្ទីរពេទ្យខេត្តទាំង២៤។

ក្នុងសេចក្តីជូនព័ត៌មាននេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។ បើទោះ​បីជាយ៉ាង​ណា ក្រសួងសុខាភិបាល បានអះអាងថា មកដល់ពេលនេះ កម្ពុជាមិនទាន់​មានការរាត​ត្បាតក្នុងសហគមន៍នៅឡើយនោះទេ។ ករណីជំងឺកូវីដ១៩នៅកម្ពុជា សុទ្ធតែជាករ​ណីនាំចូលពីក្រៅប្រទេស៕

9 Shares