អ្នកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប និងជាម្ចាស់បុរីវិមានភ្នំពេញ គ្រោងនឹងវិនិយោគបុរីវិមានភ្នំពេញ នៅទីរួមខេត្តត្បូងឃ្មុំ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីលោកទើបបានបើកលក់ជាផ្លូវការ នូវគម្រោងទី១៦ នៃបុរីវិមានភ្នំពេញ ដោយជោគជ័យ នៅស្រុកស្នួល ខេត្តក្រចេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់អគារលំនៅឋានដ៏ពេញនិយម និងល្អមួយនៅក្នុងប្រទេសកម្ពុជា បុរីវិមានភ្នំពេញ បានប្រារព្ធកម្មពិធីបញ្ចុះបឋមសិលាសាងសង់ និងបើកលក់ជាផ្លូវការ គម្រោងទី១៦ របស់ខ្លួន ដែលមានឈ្មោះថា “បុរី វិមានភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មស្នួល” នៅក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី0២ ខែមីនា ឆ្នាំ២០២២។
បន្ទាប់ពីបើកគម្រោងទី១៦ លើផ្លូវជាតិលេខ៧ ជាប់រង្វង់មូលស្នួល ទល់មុខសាលាស្រុកស្នួល ទីរួមខេត្តក្រចេះ រួចមក អ្នកឧកញ៉ា លី ហួរ បានបង្ហើបពីគម្រោងបន្ទាប់ទៀត គឺលោកគ្រោងនឹងទៅអភិវឌ្ឍបុរី និងផ្សារទំនើប នៅខេត្តទើបបង្កើតថ្មី គឺខេត្តត្បូងឃ្មុំ។

អ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍ឱ្យដឹង កាលពីពេលថ្មីៗនេះ យ៉ាងដូច្នេះថា៖ “សម្រាប់គម្រោងនៅទីរួមខេត្តត្បូងឃ្មុំថ្មី យើងនឹងរៀបចំ នាពេលខាងមុខនេះ។ យើងត្រូវសិក្សាទីផ្សារឱ្យបានច្បាស់លាស់ ព្រោះដីយើងមានរួចហើយ ហេតុនេះបើស្ថានភាពសេដ្ឋកិច្ចល្អ ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន យើងនឹងរៀបចំគម្រោងអភិវឌ្ឍន៍នៅទីនោះ”។
គួរបញ្ជាក់ថា ខេត្តត្បូងឃ្មុំ ត្រូវបានរដ្ឋាភិបាលបំបែកចេញពីខេត្តកំពង់ចាម តាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៣ ដោយក្នុងនោះបានកាត់យកក្រុងស្រុកមួយចំនួនដូចជា ក្រុងសួង ស្រុកពញ្ញាក្រែក ដំបែរ មេបត់ ក្រូចឆ្មារ និងស្រុកអូរាំងឳ ពិសេសទីរួមខេត្តនេះ ស្ថិតនៅទីប្រជុំ ឬចំណុចប្រសព្វរវាងក្រុងសួង ស្រុកពញ្ញាក្រែក និងស្រុកដំបែរ។


ក្រោយពីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ខេត្តត្បូងឃ្មុំ ដែលមានលោក ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្ត, លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជួយអភិវឌ្ឍឱ្យខេត្តមួយនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដូចជា ការរៀបចំប្រមូលផ្តុំអគាររដ្ឋបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សាងសង់សាលារៀន និងសាងសង់មន្ទីរពេទ្យបង្អែក ជាដើម។ ដូច្នេះ គម្រោងអភិវឌ្ឍបុរីវិមានភ្នំពេញ និងផ្សារទំនើប របស់អ្នកឧកញ៉ា លី ហួរ នឹងកាន់តែជួយលើកមុខមាត់ខេត្តត្បូងឃ្មុំមួយកម្រិតថែមទៀត៕