ពាណិជ្ជករវ័យក្មេងក្នុងវិស័យអចលនទ្រព្យដ៏លេចធ្លោមួយរូប បង្ហាញនូវទស្សនៈអំពីតម្លៃសន្តិភាពនៃប្រទេសកម្ពុជា ដែលបានចូលរួមអភិវឌ្ឍពិភពលោកឱ្យកាន់តែស្រស់បំព្រង សម្រាប់មនុស្សជំនាន់ក្រោយ។
ឧកញ៉ា សំ សុខនឿន ស្គាល់ជាទូទៅថាជាអ្នកវិនិយោគវ័យក្មេងដែលតែងតែបង្ហាញវត្តមានក្នុងការចែករំលែកពុទ្ធិដល់យុវជន និងចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាលដូចភ្លៀងរលឹម បានគូសបញ្ជាក់ថា ម្ចាស់អាជីវកម្មទាំងអស់ដែលមានឱកាសដំណើរការក្រុមហ៊ុន និងឈានឆ្ពោះទៅរកភាពរីកចម្រើនទៅបាន អាស្រ័យដោយប្រទេសជាតិមានស្ថេរភាព និងសុខសន្តិភាព។ ក្នុងន័យនេះ លោកឧកញ៉ា បានថ្លែងថា កងទ័ពបានលះបង់ ក៏ដូចជាបូជាសាច់ស្រស់ឈាមស្រស់ដ៏ច្រើនមហិមា ដើម្បីថែរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសក្នុងគ្រាដែលប្រទេសជាតិប្រឈមជាមួយគ្រោះមហន្តរាយផ្សេងៗ។

ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន KW SAM SN Realty ឧកញ៉ា សំ សុខនឿន បានថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖ ក្នុងនាមខ្ញុំជាពាណិជ្ជករ ខ្ញុំពិតជាដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកងទ័ព ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ។ អរគុណសន្តិភាព!។
នៅក្នុងដំណើរការនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការកសាងប្រទេសឡើងវិញក្រោយសង្គ្រាម ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីស្ថាបនិកសន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កងទ័ពជាជីពជ័រចលនាឈាមដ៏សំខាន់។ ការណ៍នេះ ដើម្បីបង្ហាញពីការដឹងគុណចំពោះពលីកម្មគ្រប់បែបយ៉ាងពីកងទ័ព ឧកញ៉ា សំ សុខនឿន ក៏បានចូលរួមបរិច្ចាគរថយន្ត និងដឹកនាំសប្បុរសជនក្នុងនិងក្រៅប្រទេសឧបត្ថម្ភរថយន្តគិលានសង្រ្គោះចំនួន ៥គ្រឿង ជូនដល់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ក្រសួងការពារជាតិ។

ពិធីប្រគល់-ទទួលធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះនានា។
ក្នុងពិធីជំនួបសំណេះសំណាលនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស និងការចែករំលែកដ៏មានសារៈសំខាន់នេះ ដើម្បីជាការគាំទ្រមួយដល់កងទ័ព ក៏ដូចជាការបញ្ជាក់នូវភាពស្និទ្ធស្នាល រវាងវិស័យឯកជនជាមួយរាជរដ្ឋាភិបាលផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ ចំពោះសកម្មភាពមនុស្សធម៌នានាកន្លងមក ក៏ដូចជាពេលនេះ និងបានលើកទឹកចិត្តដល់សប្បុរសជនដែលជាវិនិយោគិនកម្ពុជា និងជប៉ុន ឱ្យបន្តនូវកាយវិការដ៏ប្រពៃនេះ ព្រមទាំងជូនពរក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីភាពរីកចម្រើនលូតលាស់ជានិរន្តរ៍តរៀងទៅ៕

