អ្នកនាំពាក្យសុខាភិបាល អះអាង​ថា​ គ្រូពេទ្យ ២ពាន់​នាក់​​បាន​បណ្តុះ​បណ្តាលរួចហើយ ត្រៀម​ប្រតិ​បត្តិ​ការស្រាវ​ជ្រាវ​រក​កូវី​ដ១៩

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួង​បាន​បណ្តុះបណ្តាលគ្រូពេទ្យចំនួន ២០០០នាក់រួចហើយ ដើម្បីត្រៀម​ប្រតិបត្តិការ​ស្រាវជ្រាវរកវីរុសកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា។ លោកស្រីបញ្ជាក់​បែប​នេះ ក្រោយសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០។

ក្រុមគ្រូពេទ្យប្រមាណ២០០០នាក់ ដែលទទួលបានការបណ្តុះបណ្តាល ត្រូវបានព​ង្រា​យ​នៅតាមរាជធានីខេត្តទាំង២៥ ដើម្បីប្រតិបត្តិការស្រាវជ្រាវរកអ្នកឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល។

ជាថ្មីម្តងទៀត លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់សាធារណជន និងស្ថា​ប័ន​ពាក់ព័ន្ធទាំងអស់ ចូលរួមនូវវិធានការការពារ ការអនាម័យ លាងដៃ​ឲ្យបានញឹកញាប់ ដើម្បីទប់ស្កាត់រីករាលដាល និងឆ្លងវីរុសកូវីដ១៩។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានស្នើឲ្យមានការផ្អាក ឬកាត់បន្ថយ​ការ​ធ្វើដំណើរចេញទៅក្រៅប្រទេស តែបើករណីចាំបាច់​ត្រូវតែចេញទៅក្រៅប្រទេស បុគ្គលខ្លួនឯង ត្រូវមានវិធានការការពារខ្លួនឲ្យបានម៉ត់ចត់បំផុត។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា តាមការប៉ាន់ប្រមាណជំហានដំបូង អ្នកជំងឺ Covid-19 នៅកម្ពុជា អាចនឹងមានការឆ្លងទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ជាបឋម ខណៈដែលកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី១៨​​ ខែមីនា ឆ្នាំ២០២០ មានចំនួនអ្នកឆ្លងជំងឹ Covid-19 ចំនួន៣៥នាក់ហើយ៕

Loading...