លោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា បានចេញលិខិតអបអរសាទរជូនចំពោះឧកញ៉ា ចាន់ សុឃាំង ដែលត្រូវបានសមាជិក សមាជិកា បោះឆ្នោតជ្រើសតាំងជា “ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា” ក្នុងអាណត្តិទី៤ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងលិខិតអបអរសាទរនេះ សមាគមធនាគារនៅកម្ពុជា ជឿជាក់ថា ក្រោមការដឹកនាំរបស់ឧកញ៉ា ចាន់ សុឃាំង ប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ នឹងដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន និងសម្រេចបាននូវសមិទ្ធិផលជាច្រើនបន្តទៀត។ ក្នុងឱកាសនេះដែរ ក្នុងនាមជាប្រធានសមាគមធនាគារនៅកម្ពុជា លោក Raymond Sia Say Guan សូមស្វាគមន៍យ៉ាងកក់ក្តៅអស់ពីចិត្តនូវកិច្ចសហប្រតិបត្តិការរវាង សមាគមធនាគារនៅកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជំរុញ និងតភ្ជាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ជាមួយវិស័យកសិកម្មស្រូវអង្ករ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមគាំទ្រ និងជំរុញនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

គួររំឮកថា តាមរយៈកម្មវិធីមហាសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតក្រុមប្រឹក្សាភិបាល អាណត្តិទី៤ ដែលប្រព្រឹត្តឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា លោកឧកញ៉ា សុង សារ៉ន និងលោកឧកញ៉ា ចាន់ សុឃាំង ទទួលនូវសេចក្តីទុកចិត្តពីសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការបោះឆ្នោតគាំទ្រឱ្យក្លាយជាប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៤។
យ៉ាងណាមិញ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ បានទៅលើ ឧកញ៉ា ចាន់ សុឃាំង ដែលជាអតីតអនុប្រធានសហព័ន្ធ ទទួលបានសំឡេង ១២៨សម្លេង។ ចំណែកឯប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានទៅលើ ឧកញ៉ា សុង សារ៉ន បានសំឡេង ២៤ លើ ២៥រូប នៃចំនួនក្រុមប្រឹក្សាភិបាលទាំងអស់។ លោកឧកញ៉ា សុង សារ៉ន នឹងឡើងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ជំនួសលោកឧកញ៉ា ហ៊ុន ឡាក់៕

