ឧកញ៉ាល្បីៗ​​នៅ​​កម្ពុជា​ រួមចំ​ណែក​ឧបត្ថម្ភ​ថ​វិកា​ដល់​រដ្ឋាភិ​បាល ដើ​ម្បី​ទប់​ស្កាត់កូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច
13 Shares

ភ្នំពេញ៖  ខណៈប្រទេសកម្ពុជាកំពុងប្រយុទ្ធនឹងការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ១៩) ដែលធ្វើឱ្យវិស័យមួយចំនួនជួបនូវវិបតិ្ត ពិសេសបង្កការ​រងគ្រោះ​ដល់ប្រជាជនកម្ពុជាផងនោះ គេសង្កេតឃើញឧកញ៉ាល្បីៗ នៅកម្ពុជាជាច្រើនរូប បាននាំគ្នារួមចំណែកឧបត្ថមថវិកាដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់កូវីដ១៩នេះ។

បើយោងតាមលិខិតថ្លែងអំណរគុណ របស់ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំ​ណរគុណចំពោះលោកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ ដែលបាន​ឧបត្ថម្ភទឹក​ប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ បើយើងងាកមក អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវវិញ ក៏បានឧ​បត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។នេះបើយោងតាម លិខិតថ្លែងអំណរគុណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

ដោយឡែក បើក្រឡេកកមើល ក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលត្រូវ​គេដឹងថា ជាក្រុមហ៊ុន លោកឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុម​ហ៊ុនជីបម៉ុងគ្រុប  ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុ​ល្លារ​អាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និង​ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ផងដែរ។ បើយោងតាម លិខិតថ្លែងអំណរគុណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

តាមរយៈ ការរួមចំណែកជាថវិកានេះដែរ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំមានមោទនភាពណាស់ ដោយឃើញជនរួម​ជាតិយើង​មាន​ការគិតគូរយកចិត្តទុកដាក់ ជួយគ្នាទៅវិញទៅមកនៅ​ក្នុងគ្រាអា​សន្នបែបនេះ»៕ អត្ថបទ៖ សិរីកា

ឧកញ៉ាល្បីៗ​​នៅ​​កម្ពុជា​ រួមចំ​ណែក​ឧបត្ថម្ភ​ថ​វិកា​ដល់​រដ្ឋាភិ​បាល ដើ​ម្បី​ទប់​ស្កាត់កូវីដ១៩
13 Shares