ថ្ងៃស្អែកសម្តេចតេជោ អញ្ជើញចុះហត្ថលេខាទទួលប្រាក់កម្ចីពីកូរ៉េ គ្រោងសង់ស្ពានជ្រោយចង្វារ-អរិយក្សត្រ

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ​ជា​អធិបតីក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុបជិត ២ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​​បាន​ឱ្យ​ដឹង​ថា ​​ពិធី​ប្រគល់-ទទួល​នៅ​វិមាន​សន្តិភាព​នេះ ​​នឹង​ចុះ​ហត្ថលេខា​លើ​​ឯកសារ​គោល​សំខាន់ៗ​ចំនួន​​២​គឺ៖

ទី១. ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហ​ប្រតិបត្តិការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លាន​ដុល្លារ​អាមេរិក។ ឯកសារនេះ ត្រូវចុះហត្ថលេខារវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។

ទី២. ការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែល​មានទឹកប្រាក់ចំនួន ៧០,០០០,០០០ដុល្លារអាមេរិក និង គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាមេរិក។ ឯកសារ​នេះ ត្រូវ​ចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។

ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែក​ដ៏សំខាន់​ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹង​បន្ថែម​ទៀត នូវ​ទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ។

គួរ​រំឮក​ថា ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ ចាប់ពី​រង្វង់មូលតាខ្មៅ ដល់ជ្រៃធំ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាល​ព្រឹក​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូង បានឯកភាពរួចរាល់​ហើយនូវក្នុងការជួយកម្ពុជាសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ពិសេសជាងនេះទៅទៀត ជួយសាង​សង់​ស្ពានដល់ទៅ២ឯណោះ ដែលគល់ស្ពានមានទីតាំងគឺស្ថិតនៅត្រង់ចំណុចគល់ផ្សាររាត្រី ឆ្ពោះទៅកាន់​តំបន់​អរិយក្សត្រ។

សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងច្បាស់ៗថា គម្រោងសាងសង់ស្ពានទៅតំបន់អរិយក្សត្រនេះ គឺយើង​នឹងសាងសង់ស្ពានដល់ទៅ២ ដែលស្ពានទី១មានទីតាំងស្ថិតនៅត្រង់ចំណុចគល់ផ្សាររាត្រីទៅជ្រោយចង្វារ និង​ស្ពានមួយទៀតសាងសង់ពីតំបន់ជ្រោយចង្វារទៅអរិយក្សត្រ ពោលគឺស្ពានមួយឆ្លងកាត់ទន្លេសាប ស្ពានមួយឆ្លង​កាត់​ទន្លេមេគង្គ៕