បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវឱ្យអ្នកឧកញ៉ា ឧកញ៉ា អ្នកមានៗ ឬសាធារណជនដែលមានលទ្ធភាព សូមជួយឧបត្ថម្ភក្នុងការបោះពុម្ភសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងជំរុញវឌ្ឍនភាពនៃប្រទេសជាតិ។
ក្នុងឱកាសអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបិទកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគ លើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក» នាព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ “ខ្ញុំចង់ឱ្យអ្នកមានៗ អ្នកឧកញ៉ា ឧកញ៉ា ជួយបោះពុម្ភសៀវភៅដែលរាជបណ្ឌិត្យសភាកម្ពុជាចងក្រង ព្រោះសៀវភៅដែលយើងចង់ក្រងនេះ មិនមានថវិកាបោះពុម្ភនោះទេ ហើយពេលលក់បាន យើងនឹងសងថវិកាទៅវិញទេ”។
លោកបណ្ឌិត បានគូសបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាខិតខំចងក្រងសៀវភៅឡើង គឺដើម្បីកុំឱ្យខ្មែរយើងដើរជាន់ដានប្រវត្តិសាស្ត្រ ហើយដូនតាយើងសម័យដើមបានព្យាយាមចងក្រងឯកសារឆ្លាក់លើសិលាចារិក ចុះមកដល់សម័យទំនើបហើយ រឿងហេតុកើតឡើង ហេតុអ្វីខ្មែរមិនព្រមចងក្រងឯកសារ បែរជាមើលតែភាសាបរទេស ដូច្នេះយើងគួរតែរួមគ្នាគិតគូដល់សង្គមជាតិ។
លោកបណ្ឌិត មានប្រសាសន៍បន្ថែមថា៖ “ខ្ញុំចង់ឱ្យអ្នកមានៗខ្លះ ជួយធ្វើបុណ្យ វិហារក៏ច្រើនដែរហើយ សូមជួយធ្វើបុណ្យបោះពុម្ភសៀវភៅឱ្យបានច្រើន ព្រោះវាមិនថ្លៃស្មើនឹងសសរព្រះវិហារនោះទេ។ បើសិនជាធ្វើបាន នោះពួកយើងនឹងដាក់ឈ្មោះអ្នកជួយឧបត្ថម្ភ ហើយវានឹងចារ្យឈ្មោះតពូជ។ ទោះ១០០០ឆ្នាំទៀត ពេលគេអានក៏គេនៅស្គាល់ឈ្មោះរបស់អ្នក”។
លោកបណ្ឌិតសភាចារ្យ សុខ ទូច មានអនុសាសន៍បន្ថែមទៀតថា បច្ចុប្បន្នរាជបណ្ឌិត្យសភាកម្ពុជា មានបណ្ណាល័យមែន ប៉ុន្តែទីតាំងតូចណាស់ ដូច្នេះនៅពេលខាងមុខ លោកនឹងបង្កើតកន្លែងអាននៅទីនោះ។ លោកបានបញ្ជាក់ថា៖ “យើងនឹងធ្វើអគារមួយទៀតសម្រាប់អាន ដូចនៅស្រុកគេ ប៉ុន្តែបើករណីគ្មានថវិកា យើងអាននៅក្រោមដើមជម្ពូ យើងនឹងរៀបចំកន្លែងដាក់បង់ឱ្យអង្គុយអាន ព្រោះយើងត្រូវតែកែទម្រង់ ជាពិសេសសម្រាប់អ្នកដែលគ្មានលុយទិញសៀវភៅ អាចមករាជបណ្ឌិត្យសភាកម្ពុជា ខ្ចីសៀវភៅអង្គុយអានបាន”៕