អ្នកនាំពាក្យសុ​ខា​ភិបា​ល ​អះអាង​ថា រាល់​ឧ​បករណ៍​ដែ​ល​ដាក់លក់​ដើម្បីវិ​ភាគ​រ​​ក​មេ​រោ​គកូវីដ១៩ គឺជា​ផ​លិ​ត​ផ​ល​ក្លែងក្លាយ

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​សុខាភិបាល បានឲ្យដឹងថា រាល់ឧបករណ៍ ឬសម្ភារផ្សេងៗ ដែលអាចវិភាគរក​មេរោគ​កូវីដ១៩ ផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គម គឺជាផលិតផលក្លែងក្លាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដាក់លក់សម្ភារបរិក្ខាពេទ្យទាំងអស់ គឺត្រូវតែឆ្លងកាត់មកក្រសួងសុខា​ភិបាលជាមុន​សិន ជាពិសេសនោះគឺក្រុមហ៊ុនដែលនាំចូល ត្រូវតែចុះបញ្ជីការជាមួយ​នឹងក្រសួងសុ​ខាភិបាល។ ពាក់ព័ន្ធនឹងការធ្វើតេស្តរកមេរោគកូវីដ១៩វិញ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចរួចហើយ គឺទី១ ធ្វើបាននៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងទី២គឺនៅ​វិទ្យាស្ថាន​ជាតិស្រាវជ្រាវសុខភាពសាធារណៈ ដែលតាំងតែពីរនេះគត់នៅកម្ពុជា ដែលទទួល​ការធ្វើតេស្តវិភាគនូវសំណាកផ្សេងៗ ដែលត្រូវបានបញ្ជូនមកពីបណ្តាមន្ទីរពេទ្យ ឬក៏ក្រុម​គ្រូពេទ្យដែលគាត់បានចុះទៅ​ស្រាវជ្រាវពីបងប្អូនប្រជាពលរដ្ឋយើង​ក្នុងពេល​ដែលមាន​​ករណីសង្ស័យណាមួយ ដើម្បីរកមេរោគកូវីដ១៩។”  នេះជាការលើកឡើង​របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន។

ករណីបងប្អូនប្រជាពលរដ្ឋ ឬក៏អ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយ​លក់​​បរិក្ខាពេទ្យ ឬសម្ភារផ្សេងៗ ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ គឺជាព័ត៌​មានមិនពិត ហើយអ្នកទាំងនេះនឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន ព្រោះពុំ​ទាន់មាន​ព័ត៌មានណាមួយបញ្ជាក់ថាមានម៉ាស៊ីន វត្ថុ ឬឧបករណ៍ណាមួយ សម្រាប់ធ្វើវិ​ភាគនោះ​ឡើយ ក្រៅតែពីការវិភាគតែមួយគត់ដែល​ត្រូវបានទទួលស្គាល់ជា​ផ្លូវការពីអង្គការ​សុខភាពពិភពលោក គឺមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ និងមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

លោកជំទាវវេជ្ជបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាកុំចាញ់បោក​ការលក់ដូរទាំង​នេះ ហើយទិញសម្ភារ ឬឧបករណ៍ទាំងឡាយនេះយកទៅប្រើប្រាស់ ព្រោះនឹងនាំ​ឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពខ្លួនឯងផង។

គួររំលឹកថា គិតត្រឹមរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល​នៃព្រះ​រាជាណាចក្រកម្ពុជា បានរកឃើញករណីអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន៨៧​ករណី​ហើយ ក្នុងនោះ០២ករណីបានជាសះស្បើយគឺ បុរសជនជាតិចិនអា​យុ៦០ឆ្នាំនៅ​ខេត្តព្រះសីហនុ និងស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ដែលជាអ្នកទេសចរនៃនាវា Viking Cruise Journey ហើយករណីទាំងអស់នៅកម្ពុជាភាគ​ច្រើនគឺជាករណីនាំ​ចូល៕ AKP