សម្តេច ហ៊ុន សែន៖ ​កម្ពុជា​បាន​ត្រៀ​ម​ជាង ៣ពាន់​បន្ទប់ សម្រាប់​ព្យា​បា​លអ្នកឆ្លងមេ​រោគកូវីឌ-១៩ ដោយ​ឥត​គិតថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាស រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង៣ពាន់បន្ទប់ នៅទូទាំង​ប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស​​ ដែលបានឆ្លងជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ គឺរាជរដ្ឋាភិ​បាលកម្ពុជាបានត្រៀមរួចជាស្រេចនូវបន្ទប់សណ្ឋាគារ, សាលារៀន និងមន្ទីរពេ​ទ្យ​មួយចំនួន ដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ដែលអាច​ទទួលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ អោយស្នាក់នៅ និងព្យាបាល​ដោយឥតគិត​ថ្លៃ។ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមអគារមួយចំនួនដូចជា អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) មន្ទីរពេទ្យខ្មែរសូវៀត មន្ទីរពេទ្យនៅចាក់អង្រែ ពេទ្យយោធារដែលនៅ​មិនទាន់ប្រើនៅ​ឡើយ។ សម្តេច បានឲ្យដឹងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែល​សង្ស័យថា​ខ្លួនមានឆ្លងមេររោគកូវីឌ-១៩ សូមទូរស័ព្វមកលេខ ១១៥​ ដើម្បីប្រឹក្សាយោបល់ នឹងទទួ​លបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ព្រោះនេះគឺជា​បញ្ហាសុខភាពផ្ទាល់​របស់បងប្អូនដែលត្រូវតែពិនិត្យសុខភាពខ្លួនឯងអោយបានច្បាស់ចៀសវាងចម្លងរោគនេះទៅប្តីឬប្រពន្ឋឬកូនចៅ និងក្រុមគ្រួសារដែលចុងក្រោយគឺមានតែការសោកស្តាយ ។ សម្តេច ស្នើសូមកុំឲ្យមានការភ័យព្រួយបារម្ភ និងសូមកុំរើសអើងគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះ សម្តេច បានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ (Covid-19) ទាំងអស់គ្នា សូមកុំចេញពីផ្ទះ បើគ្មានការចាំបាច់​អ្វីមួយ​នោះ ព្រោះ​មេរោគកូវីឌ-១៩ នេះគឺងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា វិធានការនេះ គឺដើម្បីទប់ស្កាត់ការឆ្លងមេ​រោគ​កូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា មិន​បា​នហា​មឃាត់ មិនឲ្យប្រជាជពលរដ្ឋកម្ពុជាធ្វើដំណើរ ហើយក៏មិនបានហា​មឃាត់​មិន​ឲ្យប្រជាពលរដ្ឋធ្វើពិធីសែនឆេងម៉េងនាពេលខាងមុខនោះទេ៕