ស្ពានថ្មើរជើង​នៅផ្លូវម៉ៅ​សេទុង ស្តុប​ផ្សារដើម​គរ ស​ម្រេច​បាន ៩០​ភាគ​រ​យ​ហើយ

សង្គម​និង​សេដ្ឋកិច្ច
28 Shares

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យ ដឹងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា ស្ពានថ្មើរជើងស្តុបផ្សារដើមគរ ខណ្ឌទួលគោក គិតមកដល់ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ដំណើរការសាងសង់សម្រេចបាន ៩០ ភាគរយហើយ គឺនៅសល់តែ១០ភាគរយប៉ុណ្ណោះ នឹងរួចរាល់ទាំងស្រុង អាចដាក់ឱ្យបងប្អូន ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាននៅពេលឆាប់ៗនេះ។

លោក សាំ ពិសិដ្ឋ បានរម្លឹកថា រដ្ឋបាលរាជធានីភ្នំពេញ  បានរៀបចំពិធីក្រុងពលីទៅ តាមទំនៀមទម្លាប់តាមបែបសាសនា បញ្ចុះបឋមសិលាសាងសង់ស្ពាន​អាកាសថ្មើរ​ជើងនៅ មុខផ្សារដើមគរ និងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក  កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ។

តាមផែនការ ស្ពានអាកាសថ្មើរជើងនៅតំបន់ផ្សារដើមគរ និងនៅមុខសាលាបឋម សិក្សាសន្ធរម៉ុកនេះ នឹងប្រើប្រាស់រយៈពេល៦ខែ ដើម្បីស្ថាបនាឱ្យបានរួចរាល់ ដើម្បីជួយ សម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបាន​ឆ្លងកាត់ផ្លូវប្រកបដោយ សុវត្ថិភាព មិនប្រឈមទៅ នឹងបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍​ណាមួយកើតឡើងជាយថាហេតុ។

គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិច ជាប់នឹងផ្សារដើមគរ។ ចំណែកគម្រោង​ស្ថាបនាស្ពាន អាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ ត្រូវសា​ង់សង់​នៅលើចំណុច ផ្លូវប្រសព្វទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់​កាត់ទទឹងផ្លូវ​ម៉ៅសេទុងចំនួន ២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈ​ងាយ​ស្រួល ដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះដោយសុវត្ថិភាព។

សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៣​កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើតាមគម្រោង រដ្ឋបាល​រាជធានីភ្នំពេញ និងពង្រីកគម្រោងស្ថាបនានេះឱ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅ នឹងប្រទេសជាតិមានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្ក លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕ AKP

ស្ពានថ្មើរជើង​នៅផ្លូវម៉ៅ​សេទុង ស្តុប​ផ្សារដើម​គរ ស​ម្រេច​បាន ៩០​ភាគ​រ​យ​ហើយ
28 Shares