សម្តេច ហ៊ុន សែន៖ កម្ពុជា ត្រៀម​រោងចក្រផលិតម៉ាស និង​អាល់កុល​រួចស្រេច និង​មិនឱ្យ​ស្លាប់គរជើងគ្នា​ដូចប្រទេស​ដទៃឡើយ

សង្គម​និង​សេដ្ឋកិច្ច
23 Shares

សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានជ្រាប ថា មកទល់ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះទៅអាចបាន១លា២សែនម៉ាស ហើយនឹងបង្កើនសមត្ថភាពផលិតអោយបានច្រើនថែមទៀត។

រាជរដ្ឋាភិបាលក៏បានត្រៀមរោងចក្រក្នុងស្រុកមួយទៀតសម្រាប់ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង៥ពាន់លីត្រ ហើយនឹងបង្កើនសមត្ថភាពផលិតអោយច្រើនថែមទៀត ព្រោះយើងត្រូវការលើសពីនោះ។ ជាមួយគ្នានេះដែរ សំភារៈពេទ្យដូចជា ខោ អាវ មួក ក៏នឹងត្រូវផលិតដោយរោងចក្រក្នុងស្រុក២ គឺនៅខេត្តកំពង់ចាម និងខេត្តស្វាយរៀង ហើយសំភារៈមួយចំនួនទៀតដែលយើងផលិតមិនបានគឺនឹងនាំមកពីក្រៅប្រទេស។

សំភារៈពេទ្យយើងមួយចំនួនធំរួមទាំងថ្នាំពេទ្យ គឺបានរៀបចូលស្តុកក្នុងឃ្លាំងរួចរាល់អស់ហើយ។ ទោះបីមានសំភារៈបរិក្ខាពេទ្យមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេសពេញឃ្លាំងក្តី ក៏យើងត្រូវតែត្រៀមរោងចក្រក្នុងស្រុកសម្រាប់ផលិតសំភារៈនិងបរិក្ខារពេទ្យមួយចំនួនសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រទេសតែម្តង។

ក្រៅពីត្រៀមបម្រុងសំភារៈបរិក្ខារពេទ្យរួចរាល់ហើយ គឺយើងបានត្រៀមរៀបចំស្តុកបម្រុងអង្ករ និងអំបិល និងម្ហូបចំណីមួយចំនួនទៀត អត់មានអោយនាំចេញទៅលក់នៅក្រៅប្រទេសទេ ដើម្បីធានាថាពលរដ្ឋខ្មែរនៅតែមានអង្ករនិងម្ហូបអាហារទទួលទានទោះបីក្នុងស្ថានភាពបែបណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ជូនបងប្អូនប្រជាពលរដ្ឋកុំអោយមានការតក់ស្លុតអោយសោះ កម្ពុជាមិនអោយមានសភាពស្លាប់គរជើងដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ។ ទន្ទឹមនឹងនេះ ក៏សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីឌ-១៩៕

អត្ថបទ៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

សម្តេច ហ៊ុន សែន៖ កម្ពុជា ត្រៀម​រោងចក្រផលិតម៉ាស និង​អាល់កុល​រួចស្រេច និង​មិនឱ្យ​ស្លាប់គរជើងគ្នា​ដូចប្រទេស​ដទៃឡើយ
23 Shares