សម្តេចតេ​ជោ ​ប្រាប់​​ឲ្យក្រ​សូងសុ​ខា​​ភិ​បាល​ត្រៀម​កន្លែង​​ពិនិ​ត្យ​សុខ​ភាព​ជូ​នពល​ក​រម​ក​​ពីប្រទេ​សថៃ

សង្គម​និង​សេដ្ឋកិច្ច
21 Shares

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ប្រាប់អោយ​ក្រសួង​សុ​ខាភិបាលត្រៀមរៀបចំកន្លែងពិនិត្យសុខភាព និងត្រៀមបម្រុងសម្ភារៈ​គ្រប់គ្រាន់ជូន​ពលករមកពីប្រទេសថៃប្រមាណ ៦ម៉ឺននាក់ ត្រូវដាក់អោយនៅដាច់ដោយឡែក១៤ថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាណែនាំបន្ថែម​ក្នុងការដោះ​ស្រាយ​ជូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃកន្លងមកចំនួនប្រមាណ ៥ម៉ឺននាក់ ហើយដែលចំនួននេះនឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹង​កើនទៅដល់​៦ម៉ឺននាក់។

ប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ សម្តេចតេជោ បានណែនាំទៅ​ក្រសួងសុខាភិបាល “ត្រូវតាមដានត្រួតពិនិត្យនៅតាមទល់ដែនអោយបានហ្មត់ចត់ ហើយក្នុងនោះត្រូវត្រៀមរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ និងរៀបចំទីកន្លែង​ពិនិត្យសុ​ខភាពអោយបានល្អដល់ពលករ។

ក្រសួងសុខាភិបាល ត្រូវធ្វើជាម្ចាស់ការលើការងារនេះ ហើយសហការជាមួយក្រុម​ការងារនៅតាមព្រំដែនទាំងអស់។ ទន្ទឹមនឹងនេះ គឺត្រូវត្រៀមទិញមុង, ភួយ, កន្ទេល, ខ្នើយ, ក្រមា សម្រាប់ប្រគល់ជូនបងប្អូនកូនក្មួយពលករ​ដែលត្រូវដាក់អោយស្នាក់​នៅដាច់ដោយឡែកបណ្តោះអា​សន្នចំនួន​១៤ថ្ងៃ​ ដូចជានៅតាមសាលារៀន តាមស​ហគម ឬនៅតាមលំនៅដ្ឋានជាមួយក្រុមគ្រួសារជាដើម” ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាក់ផងដែរថា “ ពេលណាបងប្អូនចាកចេញពីទីនោះ គឺសូមប្រគល់សំម្ភារៈទាំងនោះជូនទៅគាត់យកទៅប្រើប្រាស់តែម្តង។

ចំពោះមធ្យោបាយសម្រាប់ដឹកជញ្ជូនបងប្អូនកូនក្មួយពលករវិញ គឺត្រូវប្រើប្រាស់​រថយន្តកងទ័ពមកពីកងពលលេខ៩០ និង កងពលលេខ៩៩ ដែលត្រូវ​រៀបចំដាក់​ដំបូលអោយបានស្រួល។

មកទល់ពេលនេះ បងប្អូនកូនក្មួយពលករទាំងអស់ដែលបានវិលត្រឡប់មកប្រទេសវិញ គឺមិនមានបង្ករហានិភ័យណាមួយនៅតាមសហគមនៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងកោតសរសើរដល់ថ្នាក់ភូមិ, ថ្នាក់ឃុំ, ស្រុក និងថ្នាក់ជាតិ ដែលបានចុះជួយនៅតាមមូលដ្ឋាន​ ក្នុងនោះរួមទាំង​ការអប់រំឃោ​សនា ផ្សព្វផ្សាយ​ណែនាំទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩ ដែលធ្វើអោយយើងគ្រប់គ្រង​ស្ថានការណ៍បានល្អមកទល់ពេលនេះ៕

21 Shares