រដ្ឋមន្រ្ដីក្រសួង​ក​សិ​កម្ម ជំរុញ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​​ទូទាំងខេត្តតា​កែវ ជួយ​ប្រមូលទិ​ញ​ស្រូវពីប្រជា​កសិករ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់​រោង​ម៉ាស៊ីនកិនស្រូវទូទាំងខេត្តតាកែវ ត្រូវជួយ​ទិញប្រមូលស្រូវពី​ប្រជា​កសិករយក​មកស្តុកទុក​ឱ្យ​អស់លទ្ធភាពដើម្បីជួយដោះស្រាយទីផ្សារស្រូវរបស់ពួកគាត់ និង​ជួយធានា​នូវបរិមាណស្តុក​ស្រូវ ដើម្បីធានាសុវត្ថិភាពស្បៀងសម្រាប់រយ:ពេលវែង។ ការលើកឡើងរបស់ឯកឧត្ដម រដ្ឋ​មន្រ្ដីនេះ ក្នុងឱកាសអញ្ជើញមកពិនិត្យខ្សែច្រវាក់​ផលិតកម្ម (ឡសម្ងួត ឃ្លាំងស្តុក ម៉ាស៊ីនកិន វេចខ្ចប់ និងមន្ទីរ ពិសោធន៍) ក្នុងរោងម៉ា​ស៊ីនកិនស្រូវហ្គោដិនដូនកែវ នៅសង្កាត់រកាក្រៅ ក្រុង​ដូនកែវ ដោយរួមដំណើរជាមួយ​ដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្តតាកែវ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គ​នាយកនៃអគ្គនាយកដ្ឋាន​កសិកម្ម សហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ នេះបើ​យោង​តាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា រោងម៉ាស៊ីនកិនស្រូវ នឹងបន្តចូលរួម សហ​ការ​ឱ្យបានល្អ​ដើម្បី​ជួយជំរុញការនាំចេញមាសសឱ្យទទួលបានជោគជ័យ​តាមគោល​ដៅ​​រំពឹងទុក ជាពិសេស​ចូលរួមសហការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ហាមនាំ​ចេញ អង្ករស បានពេញលេញ។ 

លោក ថៃ វីឡុង អ្នកគ្រប់គ្រងទូទៅរោងម៉ាស៊ីនកិនស្រូវនៅខេត្ដតាកែវបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនប្រមូលទិញស្រូវគ្រប់ប្រភេទបានចំនួន ៩៦, ៣៨៦តោន និងឆ្នាំ២០២០ នេះបាន ៦៥, ៣៧៥ តោន។ ដោយឡែក ក្នុងឆ្នាំ២០១៩ នាំចេញបាន ៤០,១៧៥តោន និង ៣ខែដើមឆ្នាំ២០២០ នាំចេញបាន ២៤, ៤២៨តោន ភាគច្រើនទៅ​កាន់ប្រទេសចិន។ លោក បាន​បន្ដថា បច្ចុប្បន្ន មានឡសម្ងួតចំនួន ៣ អាចសម្ងួត​ស្រូវបាន ៥៥០តោនក្នុង ១ថ្ងៃ និងមាន​ស្រូវស្តុកទុកចំនួន ៧ពាន់តោន រង់ចាំកិន និងនាំចេញតាមការបញ្ជាទិញ ពីខាងក្រៅ។ ទន្ទឹម​នេះ ក្រុមហ៊ុនក៏​នៅមានជួប​បញ្ហាប្រឈមនឹងការប្រកួតប្រជែងជាមួយប្រទេសជិតខាង ទាក់​ទង​ទៅនឹងតម្លៃភ្លើង និងការដឹកជញ្ជូន ដែលនៅមានតម្លៃខ្ពស់នៅឡើយ ។ 

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងមក មានស្រូវចំនួនជាង ១០,៨៨ លាន​តោន ក្នុងនេះសម្រាប់ស្រូវវស្សាទទួលបានបរិមាណផលសរុបចំនួន ៨, ២៦៩, ៣៣៣តោន និងស្រូវ ប្រាំង ២, ៦១៦, ២៤១តោន។ ដោយឡែក ខេត្តតាកែវ បរិមាណ​ស្រូវសរុបទាំងវស្សា និងប្រាំង​ចំនួន ១, ២០៨, ៦៤០តោន ហើយមកទល់ពេល​នេះគឺនៅសល់ផ្ទៃដីស្រែប្រាំងចំនួន ៤ពាន់​ហិកតា​ទៀតមិនទាន់បានប្រមូលផល គិតជាបរិមាណស្រូវប្រមាណ ១៦ពាន់​តោន​ទៀត៕​ AKP