សម្តេចក្រឡា​ហោម ស ខេង ប្រ​គល់​​រ​ថ​យន្ត និងសម្ភារ​ការពារ​ជំងឺ​កូវី​ដ-១៩ ជូនអគ្គនា​យកដ្ឋាន​ចំ​ណុះ​ក្រសួង​មហាផ្ទៃ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើ​ញក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការ​ពារជំងឺ​កូវីដ១៩ ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួម​ពីថ្នាក់ដឹក​នាំក្រសួង អគ្គស្នងការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងស្នងការខេត្ដពាក់​ព័ន្ធជា​ច្រើនផងដែរ។

គិតចាប់តាំងពីចុងឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន សម្តេចក្រឡាហោម ស ខេង បានផ្តល់រថយន្តដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធចំនួន ៩៥គ្រឿងហើយ។ នេះបើតាម​ការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយ​កដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានផ្តល់ជូននូវសម្ភារការពារជំងឺកូវីដ១៩ ជាច្រើនជូ​នដល់​អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។ សម្តេច ក្រឡាហោម ស ខេង មានប្រ​សា​សន៍ថា សម្ភារទាំងអស់នេះ នឹងបែងចែកទៅ​តាមស្ថាប័ន​ចំណុះរបស់ក្រ​សួងម​ហាផ្ទៃ ដើម្បីបម្រើដល់ការការពារមន្រ្តីយើង​ក្នុងប្រតិបត្តិការការងារ​ចៀសផុតពីការឆ្លង​ជំងឺកូវីដ១៩។

ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី១៣ ខែមេសា កម្ពុជា ពុំមានករណីឆ្លងថ្មីនោះទេ ចំណែកអ្នកជាសះស្បើយក៏មិនមានដែរ នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ អ្នកជាសះ​ស្បើយពីជំងឺកូវីដ១៩ សរុបមានចំនួន៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល មានចំនួន​៤៥​នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ នេះបើតាមការប្រកាសរបស់​ក្រសួង​សុខា​ភិបាល នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ១៣ ខែ មេសាឆ្នាំ ២០២០៕