លោកស្រី ឱ វណ្ណឌីន អំ​ពាវ​នាវ​ពល​​​រដ្ឋកុំ​ប្រើ​ប្រាស់​​ថ្នាំ​ដោយ​​ខ្លួន​ឯង បើ​សង្ស័យ​ឆ្លង​ជំងឺ​កូវី​ដ​១៩

សង្គម​និង​សេដ្ឋកិច្ច
22 Shares

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ពលរដ្ឋ កុំប្រើប្រាស់ថ្នាំព្យាបាលដោយខ្លួនឯង ប្រសិនបើសង្ស័យថា មានជំងឺកូវីដ១៩ ព្រោះងាយនឹងប៉ះពាល់ដល់អាយុជីវិត។ អ្នកនាំពាក្យអំពាវនាវបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានស្នើដល់ប្រជាព​លរដ្ឋទាំងអស់ កុំប្រើប្រាស់ថ្នាំអ្វី ដោយគ្មានវិជ្ជបញ្ជាត្រឹមត្រូវ ប្រសិនបើសង្ស័យថា ខ្លួនមានឆ្លងជំងឺកូវីដ១៩ ព្រោះអាចនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ លោកស្រីបន្តថា រហូតមកដល់ពេលនេះ គ្មានការបញ្ជាក់ណាមួយថា មានថ្នាំព្យាបាលជំងឺកូវី​ដ១៩​នោះទេ។ លោកស្រីសង្កត់ធ្ងន់ថា ការទិញថ្នាំយកមកប្រើប្រាស់ ដោយខ្លួនឯង​ផ្តេសផ្តាស ងាយនឹងប៉ះពាល់ដល់សុខភាព ព្រោះឱសថផ្សំឡើងពីសារធាតុគីមី អាចព្យាបាលសុខភាពយើងផង និងធ្វើឲ្យយើងគ្រោះថ្នាក់ផង។

ទន្ទឹមនឹងនេះ លោកស្រី ឱ វណ្ណឌីន ក៏បានផ្តាំផ្ញើដល់អ្នកដែលបានជាសះ​ស្បើយពី​ជំងឺកូវីដ១៩ ត្រូវប្រុងប្រយ័ត្នខ្ពស់ មិនត្រូវដើរលេងផ្តេសផ្តាសនោះទេ ព្រោះជំងឺនេះ អាចនឹងនៅសំងំពួននៅក្នុងខ្លួន ឬគ្រាន់តែសន្លប់មួយរយៈពេល ធ្វើឲ្យយើង​ពិនិត្យ​មើលមិនឃើញរោគសញ្ញា។

គិតត្រឹមព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ កម្ពុជា ពុំមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ពោលគឺរហូតមកដល់ពេលនេះ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន ១០៥ ក្នុងចំណោមអ្នកឆ្លងទាំងអស់ ១២២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៥នាក់។ បើតាមលោកស្រី ឱ វណ្ណឌីន កម្ពុជា រកមិនឃើញមានអ្នកឆ្លងថ្មី ជំងឺកូវីដ១៩នោះទេ រយៈពេល១សប្តាហ៍មកនេះ៕

លោកស្រី ឱ វណ្ណឌីន អំ​ពាវ​នាវ​ពល​​​រដ្ឋកុំ​ប្រើ​ប្រាស់​​ថ្នាំ​ដោយ​​ខ្លួន​ឯង បើ​សង្ស័យ​ឆ្លង​ជំងឺ​កូវី​ដ​១៩
22 Shares